ព្រះសីហនុៈ លោកស្នងការរងទទួលផ្នែកចរាចរណ៍នៃស្នងការខេត្តព្រះសីហនុ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកកុងតឺន័រ បុកកិនម៉ូតូ បណ្តាលឲ្យទាហានជើងទឹកមូលដ្ឋានរាម២នាក់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៥-១៨៦ ស្ថិតនៅក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកស្នងការរងបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាក VOLVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-2371 ជាកម្មសិទ្ធ របស់ក្រុមហ៊ុន ហ្វាម៉ុស បើកបរដោយឈ្មោះ អ៊ុក សុផា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ) មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុខាងលើក៏បានបត់ស្តាំដៃចូលក្នុងរោងចក្រ មេនអ៊ូហ្គាមេន បុកអូសម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1D-3015 ជិះគ្នា២នាក់ ដែលមានទិសដៅស្របគ្នាបណ្ដាលឲ្យជនរងគ្រោះឈ្មោះ កែវ វ៉ាន់ឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ទាហានជើងទឹកមូលដ្ឋានរាម ស្លាប់នៅនឹងកន្លែងកើតហេតុ និងទី២ឈ្មោះ កែវ វ៉ាន់ឌឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ទាហានជើងទឹកមូលដ្ឋានរាម បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកវាលរេញ ក្រោយមកស្លាប់។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង នឹងកំណត់ហេតុ និងនាំយករថយន្ត និងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់