ភ្នំពេញៈ រថយន្តយីឌុបដឹកទំនិញមួយគ្រឿង បានបើកជ្រុលទៅបុកពីក្រោយរថយន្តព្រុសមួយគ្រឿងទៀត ខណៈដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នា បង្កឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែមិនបានបណ្ដាល ឲ្យមានមនុស្សណាម្នាក់រងគ្រោះដល់ជីវិត ឬក៏រងរបួសនោះឡើយតែបានបង្កឲ្យមានការកកស្ទះចរាចរណ៍នៅត្រង់ ចំណុចនោះផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវិទ្យាល័យហ៊ុន សែនជម្ពូវ័ន្ត ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តយីឌុបដឹកទំនិញ១គ្រឿងនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ3A-1570 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណចំណែករថយន្តរងគ្រោះ ដោយការបុកពីក្រោយបណ្ដាលឲ្យមានការខូចខាតនោះ ម៉ាកតូយ៉ូតាព្រុស ពណ៌ពងមាន់ ពាក់ស្លាកលេខភ្នំពេញ2AQ-3716 បើកបរដោយស្រ្តីម្នាក់និងអ្នករួមដំណើម្នាក់ទៀតផងដែរ។ នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿងនោះបានធ្វើដំណើរក្នុងទិសដៅស្របគ្នាពីលិច ទៅកើតដោយរថយន្តព្រុសបើកខាងមុខ ចំណែករថយន្តធុនយក្សនោះបើកតាមពីក្រោយ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ រថយន្តព្រុសបន្ថយល្បឿននិងវៃស៊ីញ៉ូបម្រុងនិងបត់ឆ្លងផ្លូវតែមិនទាន់បានបត់ផងព្រោះនៅចំណុចនោះមានយានយន្តផ្សេងៗបើកចេញពីផ្លូវបេតុងរោងចក្រកាត់ដេរឃ្យូអឹមអាយ ឆ្លងកាត់ផ្លូវជាតិលេខ៤ ហើយ ក៏ត្រូវបានរថយន្តយីឌុបនោះបុកពីក្រោយតែម្ដង។
ក្រោយពេលកើតហេតុ នគរបាលបានចុះទៅសម្រួលចរាចរណ៍និងធ្វើការវាស់វែងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនិងរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
https://youtu.be/mV-7H7PMcsg
មតិយោបល់