ព័ត៌មានជាតិ

នគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបគ្រឿងញៀនក្នុងផ្ទះសំណាក់យីហោ រស្មីអារុណរះ

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ រស្មីអារុណរះ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ៦នាក់ ព្រមទាំងដកហូតថ្នាំញៀន ២កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ រស្មីអារុណរះ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម៦ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ មិន ស្លៃម៉ាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរក្នុងបន្ទប់លេខ១១៣) ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ, ទី២-ឈ្មោះ ចាំង យាំងគួរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាក់ក្នុងបន្ទប់លេខ២១៣) ស្នាក់នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ, ទី៣-ឈ្មោះ ម៉ូ យ៉ាបូផារ័ត្ន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ ជាម្ចាស់ផ្ទះសំណាក់ រស្មីអារុណរះ, ទី៤-ឈ្មោះ ឈឹម រតនៈ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផ្ទះសំណាក់ (ប្រើប្រាស់) និងទី៥-ឈ្មោះ ព្រីម រស្មី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផ្ទះសំណាក់ (ប្រើប្រាស់)។ បច្ចុប្បន្នអ្នកទាំង ៣នាក់ស្នាក់នៅក្រុម៦ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តថា ដោយក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែងនៅករណីជួញដូរ និងសម្រួលទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់យីហោ រស្មីអារុណរះ ដោយនៅក្នុងពេលចុះប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការឆែកឆេរតាមបណ្តាលបន្ទប់ចំនួន ៦បានរកឃើញឧបករណ៍ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយពីសមត្ថកិច្ចយើងបានឆែរឆេររួចមក សមត្ថកិច្ចបានធ្វើការឃាត់ម្ចាស់ផ្ទះសំណាក់ និងជនសង្ស័យដែលជាប់ពាក់ព័ន្ធសរុបទាំងអស់ចំនួន ៥នាក់ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន ២កញ្ចប់ ជាប្រភេទ ម៉ាទឹកកក, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយមក សមត្ថកិច្ចយើងបានសម្រេចបិទទ្វារបន្ទប់ផ្ទះសំណាក់ទាំង ៦ដែលឆែកឆេរទៅរកឃើញថាមានបទល្មើសជាប់ពាក់ព័ន្ធនឹងការជួញដូរ និងសម្រួលទីតាំងប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ៥នាក់ខាងលើ រួមនិងវត្ថុតាងមួយចំនួន ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់