ព័ត៌មានជាតិ

ក្មេង ៣នាក់ បងប្អូនបង្កើតបានលង់ទឹកអូរស្លាប់ម្នាក់ និង២នាក់ទៀត ជួយសង្គ្រោះទាន់ពេលវេលា នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុស.ស្រីចំនួន០៣នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ឆ្លងទឹកអូរបណ្តាលឲ្យលង់ ស្លាប់ម្នាក់ និង២នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៣នឹង៤០នាទីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនរងគ្រោះទី១-ឈ្មោះ សង់ អ៊ុនរក្សា ភេទស្រី អាយុ១២ឆ្នាំ ជួយសង្គ្រោះបានភ្លាមៗ, ទី២-ឈ្មោះ សង់ អ៊ុនរស្មី ភេទស្រី អាយុ៩ឆ្នាំ ជួយសង្គ្រោះបានភ្លាមៗ, និងទី៣-ឈ្មោះ អ៊ុន វាសនា ភេទប្រុស អាយុ៧ឆ្នាំ ទើបតែរកឃើញនៅម៉ោង០៦យប់ថ្ងៃដដែល រួចបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតែជាអកុសលក្មេងប្រុសនោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

លោកអធិការនគរបាលក្រុងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ក្មេងទាំង០៣នាក់បានទៅស្រែជាមួយឪពុកម្តាយទៅច្រូតស្រូវ ហើយនិងឈ្មោះ តឿ ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ ស្នាក់នៅភូមិស្ទឹងបត់ បានទៅជួយច្រូតស្រូវដែរ លុះត្រឡប់មកផ្ទះវិញ ឈ្មោះ តឿ បានឲ្យក្មេង២នាក់ជិះករ ម្នាក់ទៀតជិះចានដែកដើម្បីដៃឆ្លងអូរព្រំដែន ពេលដែលកំពុងឆ្លងក្មេងដែលជិះចានដែកលិច ដោយស្ទុះទៅជួយក្មេងជិះចាន ក៏ធ្លាក់ក្មេងជិះកនោះលង់ទឹកទាំង០៣នាក់ ភ្លាមៗនោះជួយសង្រ្គោះបានក្មេង០២នាក់និង ម្នាក់ទៀតតូចជាងគេនោះរកឃើញក្រោយគេក៏បានស្លាប់ សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់