ព័ត៌មានជាតិ

រន្ធត់! កុងតឺន័របើកទៅកៀរអ៊ំប្រុសម្នាក់កំពុងជិះកង់ឆ្លងផ្លូវ បណ្តាលឲ្យដួលបែកក្បាលស្លាប់ទាំងព្រលឹម

កំពង់ឆ្នាំងៈ លោក ប្រធានការិយាល័យចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកនីសាន់ មួយគ្រឿង បើកមិនប្រយត្ន័ទៅកៀរកង់របស់អ៊ំប្រុសម្នាក់ដែលកំពុងជិះឆ្លងផ្លូវបណ្តាលបែកក្បាលស្លាប់មួយរំពេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ៧៥-៧៦ ក្នុងភូមិអូរតានីស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក នីសាន់ ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ 3A-1451 ជាប្រភេទរថយន្តសណ្តោងរម៉ក (អ្នកបើកបររត់បាត់) បានបើកទៅគៀរអ្នកជិះកង់ ដែលកំពុងជិះឆ្លងកាត់ផ្លូវ បណ្តាលឲ្យអ្នកជិះកង់ បានបោកក្បាលទៅនឹងថ្នល់ស្លាប់ មានឈ្មោះ ហ៊ុ លី ភេទប្រុស អាយុ៨៥ឆ្នាំ ស្នាក់នៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ស្លាប់នៅកន្លែងកើតហេតុ ចំណែកកង់រងការខូចខាត ហើយភ្លាមៗអ្នកបើកបររថយន្តបង្ក បានឈប់រថយន្តនៅនឹងកន្លែងកើតហេតុ រួចបើកទ្វាចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់