ព័ត៌មានជាតិ

Update៖ ប្រពន្ធក្រោយនាយហុងដា គឺត្រូវកូនបង្កើត(ជាកូនប្រពន្ធមុន) រឹតកនឹងខ្សែឆ្នាំងអ៊ុត រួចអូសចូលក្នុងបន្ទប់!

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានការប្រទះឃើញសាកសព ស្រ្តីម្នាក់ ដែលត្រូវជាប្រពន្ធក្រោយ របស់តារា កំប្លែងនាយ ហុងដា ត្រូវបានជនសង្ស័យ(ជាកូនបង្កើតរបស់នាយហុងដា) ធ្វើសកម្មភាពយក ខ្សែឆ្នាំងអ៊ុតរឹតកសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង៤១នាទីថ្ងៃត្រង់ទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់គ្មានលេខ ខុនដូជាន់ទី៥ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីម្តាយបង្កើតរបស់ស្រ្តីរងគ្រោះ និងឪពុកបង្កើតរបស់នាយ ហុងដា បានឲ្យដឹងថា មុនពេលកើតហេតុ កូនប្រុសរបស់គាត់ គឺនាយហុងដា មិនបាននៅផ្ទះនោះទេ ដោយត្រូវចុះទៅសម្តែងនៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រយ:ពេល២ថ្ងៃ។ ដោយសារតែប្តីមិននៅ ស្ត្រីរងគ្រោះបាននាំកូនដែលមានអាយុ៦ខែទៅលេងផ្ទះរបស់ម្តាយបង្កើត និងបានហូបបាយជុំគ្នា ក្រោយមកឪពុករបស់នាយហុងដា បានទូរសព្ទមកសួរកូនប្រសារ ថាហូបបាយហើយនៅ ហើយមកផ្ទះពេលណា យប់ហើយ ណាមួយប្រយត្ន័ចំពោះសុខភាពផង ព្រោះមេឃភ្លៀង ហើយខ្លួនសសៃខ្ចី ។ ក្រោយមកក៏ស្ត្រីរងគ្រោះបានសុំឪពុកម្តាយទៅផ្ទះវិញដោយប្រាប់ថា ប្តីមិនផងត្រូវទៅមើលផ្ទះ ដោយមានជនសង្ស័យជាឃាតករ ដែលជាកូនប្រុសរបស់នាយហុងដា ជាអ្នកមកយក។ លុះមួយសន្ទុះក្រោយមក ស្ត្រីជាម្តាយរបស់ស្ត្រីរងគ្រោះបានទូរសព្ទមកសួរកូនថា ដល់ផ្ទះហើយឬនៅ? ស្ត្រីរងគ្រោះក៏និយាយទូរសព្ទជាមួយម្តាយប្រាប់ថាដល់ហើយ ខណ:នោះស្រាប់តែជនសង្ស័យជាឃាតករ បានស្រែកឆោឡោហៅស្ត្រីរងគ្រោះដែលជាម្តាយចុងថា « ម៉ាក់ៗ បង្គន់ស្ទះ» ជាច្រើនដង ទាល់តែស្ត្រីរងគ្រោះបិទទូរសព្ទ ហើយក៏ផ្តាច់ការទាក់ទងគ្នាតែម្តង។ លុះដល់ព្រឹកកើតហេតុ ម្តាយស្ត្រីរងគ្រោះបានទូរសព្ទទៅកូនស្រី ព្រោះពេលល្ងាចប្រាប់ថា ស្អែកមកផ្ទះម៉ែ តែមិនឃើញមក តែតេទូរសព្ទច្រើនដងគ្មានអ្នកទទួល ស្រាប់តែមួយសន្ទុះក្រោយមក នាយហុងដាដែលជាកូនប្រសារ បានទូរសព្ទសួរម្តាយក្មេក ហេតុអីក៏ទូរសព្ទទៅប្រពន្ធមិនលើកសោះចឹង លុះដល់ម៉ោងកើតហេតុក៏ដឹងដំណឹងថា កូនស្រីត្រូវគេសម្លាប់ក្នុងបន្ទប់ខុនដូរបែបនេះតែម្តង។

ពាក់ពន្ធ័នឹងសំណុំរឿងឃាតកម្មនេះដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា សពមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ ជាប្រពន្ធទី២របស់នាយហុងដា តារាកំប្លែងល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជា មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយមានកូនស្រីអាយុ៦ខែជាចំណងស្នេហ៍រវាងអ្នកទាំង២។

លោកអធិការបន្តថា បន្ទាប់ទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើត បានឲ្យដឹងថាស្ត្រីរងគ្រោះ ត្រូវជនមិនស្គាល់មុខ យកខ្សែឆ្នាំងអ៊ុត រឹតកបណ្តាលឲ្យ ស្លាប់រួចរុំជាមួយភួយក្រឡាការ៉ូ ពណ៌ផ្កាឈូក អូសទៅដាក់ក្នុងបន្ទប់ទឹក។ បន្ទាប់មក សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពីកម្លាំងជំនាញ និងបានឆែកមើលកាមេរ៉ា សុវត្ថិភាពរបស់ខុនដូ រហូតឈានទៅដល់ការកំណត់មុខសញ្ញាបាន គឺជាកូនបង្កើតរបស់លោកហុងដា(ដែលជាកូនប្រពន្ធមុន) ហើយករណីនេះគឺជាករណីឃាតកម្ម កូនបង្កើត សម្លាប់ម្តាយចុងខ្លួនឯង តែមិនដឹងមូលហេតុអ្វីនោះទេ ដោយកម្លាំងកំពុងធ្វើការស្រាវជ្រាវ។

តែបើយោងតាមអ្នកមើលការខុសត្រូវនៅក្នុងខុនដូរខាងលើ បានឲ្យដឹងកាលពីម្សិលមិញកូនដើមរបស់ជនរងគ្រោះដែលគេស្គាល់ឈ្មោះ អា និច ភេទប្រុស អាយុប្រហែល២០ឆ្នាំ បាននាំសង្សារមកលេងបន្ទប់កើតហេតុ។ ក៏ប៉ុន្តែមិនដឹងមានទំនាស់អ្វីនោះទេ បានជាឈានដល់ករណីឃាតកម្មបែបនេះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកជនសង្ស័យមកសាកសួរនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់