ភ្នំពេញៈ ពលរដ្ឋរាយការណ៍ប្រាប់ Post News ថា នៅវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ ១៥៤ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ដែលចតទុកមុខបន្ទប់ជួល យកទៅបាត់។
ម៉ូតូខាងលើម៉ាក SUZUKI NEX មួយគ្រឿង ស៊េរីឆ្នាំ ២០១៨ ពណ៌ស-ក្រហម មានស្លាកលេខ 1GV-3351 ទើបតែទិញក្នុងតម្លៃ១,៧០០ដុល្លារ ជនរងគ្រោះមានមុខរបរ លក់កាហ្វេ។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី២ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ករណីខាងលើនេះ ជនរងគ្រោះ នៅពេលដែលបាត់ភ្លាមៗនោះ បានពឹងមិត្តភក្ដិឲ្យជួយស្វែងរក ស្រាប់តែឃើញនៅម្ដុំខណ្ឌឬស្សីកែវ ម្ចាស់ម៉ូតូក៏រត់មកប្រាប់មន្ត្រីប៉ូលិសប៉ុស្តិ៍ផ្សារកណ្ដាលទី២ តែលោកឆ្លើយប្រាប់វិញថា ឲ្យទៅទាក់ទងខាងហ្នឹងទៅ ហាក់បីដូចជាគ្មានទំនួលខុសត្រូវ ដើម្បីតាមចាប់ជនសង្ស័យទាល់តែសោះ ធ្វើឲ្យគាត់អស់សង្ឃឹម ទៅលើសមត្ថកិច្ច ជាពិសេសគាត់សំណូមពរទៅលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ មេត្តាជួយមើលមន្ត្រីក្រោមឱវាទរបស់លោកផង ពេលពលរដ្ឋទៅពឹងឲ្យជួយ បែរជាមន្ត្រីប៉ុស្តិ៍ផ្សារកណ្ដាលទី២ មិនសូវជាយកចិត្តទុកដាក់ ខណៈក្នុងមូលដ្ឋានហ្នឹង ក៏ធ្លាប់បាត់ម៉ូតូអស់ជាច្រើនគ្រឿង ប៉ុន្តែមិនដែលចាប់ជនសង្ស័យបានម្ដងណាទ្បើយ អាស្រ័យហេតុដូច្នេះ សូមលោក កុំទុកមន្ត្រីបែបនេះទៀតអី កុំឲ្យពលរដ្ឋរិះគន់ទៅលើសមត្ថកិច្ច ជារឿងដដែលពេក។
សូមបញ្ជាក់៖ ខណ្ឌដូនពេញ មួយរយៈចុងក្រោយនេះ សម្បូរទៅដោយបញ្ហាចោរលួចចោរឆក់ បាត់ទាំងម៉ូតូ និងរថយន្តជាញឹកញយ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ ខណៈមិនឃើញអាជ្ញាធរពាក់ព័ន្ធ មានចំណាត់ការទាល់តែសោះ ឬមួយទាល់តែគោបាត់ ទើបធ្វើរបង៕
មតិយោបល់