ព័ត៌មានជាតិ

Update៖ ប្រធានក្រុមហ៊ុននាំចូលសត្វជ្រូកធ្វើសន្និសីទបំភ្លឺរឿង ដឹកជ្រូកចូលកម្ពុជា

ភ្នំពេញ: ក្រោយពីមានក្រុមប្រជាកសិករ អ្នកចិញ្ចឹមជ្រូកក្នុងស្រុកចោទថា មានក្រុមហ៊ុនលួចនាំចូលជ្រូកមានជំងឺ ពីប្រទេសជិតខាង ដោយខុសច្បាប់មកលក់នៅប្រទេសកម្ពុជា កាលពីពេលថ្មីៗ និងឈានទៅដល់ការឃាត់រថយន្តដឹកជ្រូករបស់ក្រុមហ៊ុននាំជ្រូកចូលកម្ពុជាចំនួន ៤គ្រឿងផងនោះ តំណាងក្រុមហ៊ុនបានធ្វើសិន្និសីទបំភ្លឺពាក់ព័ន្ធករណីនេះ។

លោក ប៊ុត ចាន់ធូ ប្រធានក្រុមហ៊ុនចាន់ធូមានជ័យ អាហរ័ណ នីហរ័ណ បានថ្លែងនៅក្នុងសន្និសីទនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ប្រាប់Post News ថា ក្រុមហ៊ុនរបស់ពួកលោក មិនបាននាំចូលជ្រូកមានជំងឺពីប្រទេសជិតខាងមកលក់ឱ្យពលរដ្ឋហូប ដូចការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូកក្នុងស្រុកនោះទេ។

លោកអះអាងថា ក្រុមហ៊ុនពួកលោកគឺមានអាជ្ញាប័ណ្ណចេញពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រឹមត្រូវដោយអនុញ្ញាតឱ្យនាំចូលក្នុងមួយថ្ងៃចំនួន ៤០០ក្បាល និងមានការបង់ពន្ធជូនរដ្ឋគ្រប់ចំនួនតាមកំណត់ច្បាប់ ថែមទាំងមានការត្រួតពិនិត្យសុខភាពជ្រូកនៅនឹងកសិដ្ឋានពីមន្ត្រីបសុពេទ្យរបស់ប្រទេសដែលលោកទិញជ្រូក និងមានមន្ត្រីបសុពេទ្យកម្ពុជា ប្រចាំច្រកទ្វាព្រំដែនត្រួតពិនិត្យម្តងទៀត ទើបមានការអនុញ្ញាតឱ្យនាំជ្រូកទាំងអស់នោះតាមចំនួនដែលក្រសួងបានកំណត់ មកលក់នៅទីផ្សារនៃប្រទេសកម្ពុជាបាន។

ដោយឡែកលោក ជឹម សុខ ប្រធានក្រុមហ៊ុនអង្គរសុខរិទ្ធមានជ័យ បានបញ្ជាក់ប្រាប់Post Newsដែរថា ក្រុមហ៊ុនលោកបានទទួលសិទ្ធិនាំជ្រូកពីបរទេសមកលក់ក្នុងទីផ្សារកម្ពុជាក្នុងមួយថ្ងៃ ៤០០ក្បាល ចំពោះការចោទថា ក្រុមហ៊ុនលោក ដឹកជ្រូកលើសចំនួនកំណត់របស់ក្រសួងតាមរយ:ការប្តូររថយន្តនោះមិនពិតទេ គឺរថយន្តលោកដែលពាក់ស្លាកលេខ ក្រចេះ3A-0205 ដែលក្រសួងអនុញ្ញាតឱ្យដឹកនោះខូចទើបក្រុមហ៊ុនលោកបានយករថយន្ត ស្លាកលេខ តាកែវ3A-2275 ដឹកជំនួស ដោយមានការយល់ព្រមពីមន្ត្រីបសុពេទ្យរបស់ប្រទេសកម្ពុជាត្រឹមត្រូវ។

គររំលឹកថា កាលពីរសៀលថ្ងៃទី៣ខែឧសភា ឆ្នាំ២០១៧ ក្នុងនិងស្រុកបាទី កម្លាំងអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វ និងពេទ្យសត្វខេត្តកណ្តាល ឃាត់រថយន្តដឹកជ្រូកពីប្រទេសវៀតណាមចំនួន ៣គ្រឿងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល និងរថយន្តចំនួន ១គ្រឿងទៀតនៅផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ ដោយរថយន្តដឹកសត្វជ្រូកក្រហម និងជ្រូកត្រចៀកខៀវមកលក់នៅប្រទេសកម្ពុជា ប៉ុន្តែក្រោយមកដោយរកឃើញថាជ្រូកទាំងអស់នោះមានច្បាប់ត្រឹមត្រូវទើបអនុញ្ញាតឱ្យនាំចូលវិញ៕

មតិយោបល់