ភ្នំពេញៈ ក្រោយពីចំណាយ ពេលសាកសួរ នៅសាលាដំបូងរាជធានីភ្នំពេញ អស់ ៣ថ្ងៃរួចមក លោក យោធា ដែលយកកាំភ្លើងខ្លីវាយក្បាល ថៅកែប្រហិតចៀន ត្រូវតុលាការ សម្រេចដាក់គុកសិន ទុកបន្តនីតិវិធីនាពេលក្រោយទៀត នេះបើតាមការឲ្យដឹងរបស់សមត្ថកិច្ចខណ្ឌសែនសុខ។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានបញ្ជាក់ថា ជនត្រូវចោទមានឈ្មោះ នួន ប៉ូ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ យោធាពាក់ស័ក្តិ ៤កន្លះ មានតួនាទីនាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ មានអត្តលេខ ០៥៩០៥១។
ចំណែកជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ប្រហិតចៀនតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។
ការសម្រេចឃុំខ្លួន ជនត្រូវចោទ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្ញនំពេញ បានធ្វើឡើង បន្ទាប់ពីលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់ លើឈ្មោះ នួន ប៉ូ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីជនសង្ស័យ យកអាវុធខ្លី ម៉ាក P08 លេខ ៥៨៥៤ វាយក្បាល ជនរងគ្រោះបែក។
មូលហេតុដែលឈានដល់ ការប្រើអំពើហិង្សា នេះផ្តើមចេញពី គ្រោះថ្នាក់ចរាចរណ៍ ដោយសារមិត្តភក្តិរបស់ជនសង្ស័យ បើកបរ រថយន្តម៉ាកកាមរីបាឡែន ក្រោមស្ថានភាពស្រវឹង ទៅបុក រ៉ឺម៉កប្រហិតរបស់ជនរងគ្រោះ ដែលកើតឡើងនៅចំណុចមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បន្ទាប់មក ជនសង្ស័យបានជិះរថយន្តម៉ាកព្រុស មកជួយអន្តរាគមន៍ ក៏ត្រូវជនរងគ្រោះ យកដុំថ្មគប់បែកកញ្ចក់រថយន្ត ទើបឈានដល់ការបង្កហិង្សាលើជនរងគ្រោះតែម្តងទៅ។ បញ្ជាក់៖ ឃុំខ្លួន រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ៕
មតិយោបល់