ព័ត៌មានជាតិ

ថ្លើមធំ! ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះគេទាំងដែលមនុស្សនៅ មានអីទ្រោមខ្លួនហើយជាប់ខ្នោះទេ

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដល់ក្នុងផ្ទះ ត្រូវបានម្ចាស់ផ្ទះរួមនឹងប្រជាពលរដ្ឋ នាំគ្នាចាប់ខ្លួនបានភ្លាមៗប្រគល់ឲ្យ សមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃត្រង់ទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៤៣៣ ផ្លូវលំ ក្រុមទី១០ ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ឆីន ប៊ុនឈា ភេទប្រុស អាយុ២៣ ឆ្នាំមុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិថ្នល់បំបែក ឃុំស្វាយទៀប ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ជនរងគ្រោះមានឈ្មោះ ដុំ ហេន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅផ្ទះកើតហេតុខាងលើ

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននៅ
ក្នុងផ្ទះ ពុំបានបិទទ្វារផ្ទះខាងក្រៅ ហើយជនសង្ស័យ បានចូលតាមទ្វារផ្ទះខាងក្រោយ ដើម្បីលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះឃើញទាន់
ក៏ស្រែកឲ្យគេជួយ ក៏ចាប់បានជនសង្ស័យ រួចរាយការណ៍មកសមត្ថកិច្ចដើម្បីឃាត់ខ្លួនជនសង្ស័យ ទៅកាន់ប៉ុស្ដិ៍និងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់