ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបើកលឿនកៀរម៉ូតូសេ១២៥ បណ្តាលឲ្យក្មេងស្រីជាសាលា២នាក់របួសធ្ងន់ស្រាល

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅកៀរម៉ូតូម៉ាកហុងដាសេ១២៥ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១១០ ក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9897 បើកបរដោយឈ្មោះ នៅ ចាន់គីរី ហៅ ទី ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរបើកបររថយន្តដឹកឥដ្ឋ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល រួមដំណើរជាមួយកម្មករលើកឥដ្ឋចំនួន២នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានគៀរជាមួយនឹងម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FW-0719 (គ្មានកញ្ចក់មើលក្រោយ) បើកបរដោយឈ្មោះ រុន រីដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស(មិនពាក់មួកសុវត្ថភាព)មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសធ្ងន់ត្រង់ភ្លៅ និងទ្វាមាស) រួមដំណើរជាមួយដោយឈ្មោះ ចយ សេងធី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (របួសស្រាល) ដែលកំពុងបើកស្របទិសគ្នាពីមុខបណ្តាលឲ្យដួលម៉ូតូ បណ្ដាលរងរបួសធ្ងន់និងស្រាលចំនួន២នាក់តែម្ដង ។

ភ្លាមនោះអ្នកបើកបររថយន្តបានបើកគេចខ្លួន ហើយត្រូវបានសមត្ថកិច្ចជំនាញ និងប៉ុស្តិ៍នគរបាលស្វាយប្រទាលឃាត់បានទាំងរថយន្ត និងអ្នកបើកបរ យកមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។ ចំណែកអ្នករងរបួសទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្អាង បន្ទាប់មកក៏បានបញ្ជូនម្នាក់របួសធ្ងន់ទៅមន្ទីរពេទ្យភ្នំពេញបន្តទៀត រីឯវត្ថុតាងទាំង២ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់