ព័ត៌មានជាតិ

ប្លន់ម៉ូតូគេបានជាង២ខែ ចុងក្រោយជាប់ខ្នោះ

សៀមរាបៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព ប្លន់យកម៉ូតូនិងទូរសព្ទរួមទាំងកាបូបលុយ កាលពីវេលាម៉ោង១និង១០យប់ ថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៧ នៅចំណុចក្រោយភោជនីយដ្ឋានស៊ុបឆ្លាម២ ស្ថិតក្នុងក្រុមទី៥ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហេង សំណាងហៅជេស ភេទប្រុស អាយុ២៦ឆ្នាំ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ក៏ដូចជាលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប ដឹកនាំកម្លាំងចុះស្រាវជ្រាវផ្ទាល់ដោយលោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ បានចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតដោយលទ្ធផល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នេះ កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ជីវ លាភហេង ហៅម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិត្រពាំងសេះ សង្កាត់គោកចក ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១០និង២០នាទី នៅចំណុច ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប និងទី២ឈ្មោះ ម៉ី គឹមឆេង ហៅអូន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១២ នៅនិងផ្ទះជនសង្ស័យផ្ទាល់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះជីវ លាភហេង ហៅម៉ាប់ ឆ្លើយសារភាពថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩និង៣០នាទី មានឈ្មោះ ម៉ម រាជថា បានទូរសព្ទមកបបួលខ្លួន ជិះម៉ូតូដើរលេង ដោយមាន ឈ្មោះឆេង វលក្ខណ៍, ឈ្មោះសៀង បញ្ញា ហៅញ៉ា ជិះម៉ូតូសរុបចំនួន២គ្រឿង ទៅអង្គុយលេងនៅបរិវេណសួនច្បារ អ៊ុងអឿន ជាប់បុរីប្រិមប្រិយ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក នៅវេលាម៉ោង១២យប់ ស្រាប់តែឃើញមនុស្សប្រុសស្រីចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក Zoomer-X ពេលមកដល់ចំណុចដែលក្រុមខ្លួនកំពុងអង្គុយលេង ឈ្មោះម៉ម រាជថា បានហៅគ្នាទាំងអស់ឡើងជិះម៉ូតូទាំង២គ្រឿង ជិះដេញមនុស្សប្រុសស្រីទាំង២នាក់នោះ។ មកដល់ចំណុចក្រោយភោជនីយដ្ឋានស៊ុបឆ្លាម២ ឈ្មោះម៉ម រាជថា បានធាក់ម៉ូតូមនុស្សប្រុសស្រីទាំង២នាក់នោះ បណ្តាលឲ្យដួល ហើយឈ្មោះម៉ម រាជថា បានដកដាវពីក្នុងកែបម៉ូតូ បម្រុងកាប់ទៅប្រុសស្រីទាំង២នាក់នោះ ពេលនោះមនុស្សប្រុសស្រីទាំង២នាក់នោះ បានផ្តួលម៉ូតូចោល ហើយបើកម៉ូតូរត់ ធ្លាក់ទូរសព្ទ១គ្រឿងម៉ាកណូគា ពណ៌ក្រហម។ ពេលនោះឈ្មោះ ឆេង វលក្ខណ៍ បានចុះពីលើម៉ូតូរើសយកទូរសព្ទ ហើយឈ្មោះម៉ម រាជថា និងឈ្មោះឆេង វលក្ខណ៍ រួមទាំងឈ្មោះសៀង បញ្ញា បានយកម៉ូតូរបស់ជនរងគ្រោះរួមនិងម៉ូតូរបស់ពួកគេ១គ្រឿងទៀតជិះគេចខ្លួនបាត់ ចំណែកខ្លួនក៏ជិះម៉ូតូរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ។ លុះដល់វេលាម៉ោង១១ ថ្ងៃត្រង់ថ្ងៃខែដដែល ឈ្មោះម៉ម រាជថា បានហៅខ្លួនឲ្យទៅជួប ហើយឲ្យលុយមួយចំនួន ទើបខ្លួនដឹងថាលុយនេះ បានមកពីការដាក់បញ្ចាំម៉ូតូនេះ នៅកន្លែងបញ្ចាំមួយកន្លែង នៅម្តុំជិតកែងផ្សារញ៉ែ ចំនួន៣៣០ដុល្លារ ។ ក្នុងនោះដកហូតបាន៖ ទូរសព្ទម៉ាកណូគា១គ្រឿង ពណ៌ក្រហម,ម៉ូតូចំនួន២គ្រឿង, ម៉ាក Zoomer-X និង ម៉ាកហុងដាឌ្រីម សេ១២៥។

ក្រោយពេលស្តាប់ចម្លើយរបស់ជនសង្ស័យ នគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានស្រាវជ្រាវបន្ថែម ទើបដឹងថា ឈ្មោះម៉ម រាជថា និងឈ្មោះឆេង វលក្ខណ៍ រួមទាំងឈ្មោះសៀង បញ្ញា ហៅញ៉ា កំពុងជាប់ពន្ធនាគាខេត្តសៀមរាប កាលដើមខែមេសាឆ្នាំ២០១៧។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់