ព័ត៌មានជាតិ

គួរឲ្យអាសូរ! ក្មេងស្រីម្នាក់ មិនចេះហែលទឹកចុះបេះឈូក លង់ស្លាប់

កណ្តាលៈ ក្មេងស្រីម្នាក់ លង់ទឹកស្លាប់ក្រោយពីត្រូវម្តាយធំ នាំក្មួយទៅបេះឈូកនៅក្នុងបឹង មិងដឹងថាក្មួយមិនចេះហែលទឹក ស្រាប់តែលង់ស្លាប់តែម្នាក់ឯង គួរឲ្យអាសូរបំផុត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ នៅចំណុចបឹងអ៊ួក ក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី នីតា ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ មានឪពុក ឈ្មោះ ធី ប៊ុនថុល អាយុ៣៤ឆ្នាំ មុខរបរ ជាងសំណង់ និងម្ដាយ ឈ្មោះ ថន វុត្ថា អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំង២មានទីលំនៅ ភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង១១ និង៣០នាទី ឈ្មោះ ប៉ុន សុភ័ក្រ ភេទស្រី អាយុ ៣៦ ឆ្នាំ ត្រូវជាម្ដាយធំ បានបបួលជនរងគ្រោះត្រូវជាក្មួយ និង ឈ្មោះ ភាព សំណាង ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូន ទៅបេះឈូកនៅក្នុងបឹងអ៊ួក ក្រោយភូមិ លុះដល់ម៉ោង១ គាត់ស្រែកហៅជនរងគ្រោះ និងឈ្មោះ ភាព សំណាង ឲ្យឡើងទៅផ្ទះវិញ ស្រាប់តែមិនឃើញជនរងគ្រោះ គាត់ដើររកស្រាប់តែឃើញក្មួយធ្លាក់ក្នុងរណ្តៅដែលគេជីកយកអាចម៍ដីក្នុងបឹងស្លាប់ទៅហើយ និងបានហៅបងប្អូនជួយដឹកយកពីបឹងមកផ្ទះ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យមើលឃើញថាពិតជាលង់ទឹកស្លាប់ប្រាកដមែន ព្រោះជនរងគ្រោះនេះ ឪពុក ម្ដាយ បានអះអាងថាអត់ចេះហែលទឹកទេ៕

មតិយោបល់