ភ្នំពេញៈ ពាក្យចាស់តែងតែពោលថា ពួកចោរលួច ចោរប្លន់ ចោរឆក់ទាំងអស់នេះនៅពេលវាលួច ឆក់ ប្លន់ គេបានវាគ្រាន់ តែបើម្ចាស់គេទាន់ចាប់បានវិញវាពិតជាក្រែលហើយពោលគឺគេវាយសម្លាប់ ខ្លះវាយស្ទើស្លាប់ស្ទើរស់។ ជាក់ស្តែង ជនសង្ស័យម្នាក់នេះក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋ ព័ទ្ធចាប់បានព្រួតវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់ជួលប៉ុនប៉ងលួចទ្រព្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចជាប់និងស្ថានីយ៍ប្រេងឥន្ទនៈLHR ផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសម្ដីឈ្មោះ មុន ល័ក្ខ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកមើលការខុសត្រូវផ្ទះជួលបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកឈប់នៅខាងមុខ ហើយអ្នកជិះពីក្រោយបានចូលទៅក្នុងបន្ទប់ជួលបំណងលួចទ្រព្យសម្បត្តិ។ ពេលនោះគាត់បានចេញមកទាន់ ហើយសួរថា ទៅណា? ជនសង្ស័យក៏បានឆ្លើយថា មករកបងប្អូន ហើយក៏បានចេញទៅវិញ មួយសន្ទុះក្រោយ ជនសង្ស័យក៏បានចូលមកម្តងទៀត ហើយបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ទើបគាត់ស្រែកថាចោរៗ បង្កឲ្យផ្អើលដល់បងប្អូនប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយស្ទើរស្លាប់ និងម្នាក់ទៀតដែលចាំផ្លូវបានជិះម៉ូតូគេចខ្លួនបាត់។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះឌឿន អាយុ២០ឆ្នាំ មុខរបរនិងស្នាក់មិនពិតប្រាកដ ហើយធ្លាប់ធ្វើសកម្មភាពជាច្រើនដងមកហើយ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាននគរបាលមូលដ្ឋានហៅរ៉ឺម៉កកង់បីដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះរង់ចាំសាកសួរពេលក្រោយ៕
មតិយោបល់