ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន ដកហូតបានសម្ភារៈសម្រាប់ប្រើប្រាស់ និងធ្វើសកម្មភាពចែកចាយមួយចំនួន រួមនិងដាវស៊ាំម៉ូរ៉ៃចំនួន១។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ ដំបូងឡើយ មានជនសង្ស័យឈ្មោះ នូ សុដាវីត ហៅអាទក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានលោតចូលសម្ងំក្នុងដីឡូរបស់លោក ហុង ពីវ ក៏ត្រូវបានកម្លាំងសន្តិសុខ ដែលយាមការក្នុងដីឡូតិ៍ខាងលើ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញដើម្បីធ្វើការសាកសួរ និងធ្វើតេស្តទឹកនោម ក៏រកឃើញថា មានសារជាតិញៀនក្នុងខ្លួន។ ក្រោយមកទើបជនសង្ស័យខាងលើនេះ បានសារភាពថា កន្លងមកខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀន ដោយបានទិញពីជនសង្ស័យទី២ឈ្មោះ ខុន ខ្នា ភេទប្រុស អាយុ៣២ឆ្នាំ បានចំនួន២ដង។
ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យទី១ហើយនោះ សមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យទី១ ទៅបង្ហាញឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទី២បាននៅចំណុច ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយធ្វើការឆែកឆេររកឃើញសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន,ទុយោកែច្នៃសម្រាប់ចែករំលែកគ្រឿងញៀនមួយចំនួន រួមនិងដាវស៊ាំម៉ូរ៉ៃ ១ដើមផងដែរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទី២ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន លក់គ្រឿងញៀន ទៅឲ្យជនសង្ស័យទី១បានចំនួន២លើក ពិតប្រាកដមែន ចំណែកថ្នាំញៀនដែលសល់ គឺទុកសម្រាប់ជក់ខ្លួនឯង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់