ព័ត៌មានជាតិ

ស្រវឹងជិះម៉ូតូបោះពួយទៅបុកបង្គោលរបងដែលគេ គរទុកចោលបណ្តាលឲ្យស្លាប់និងរបួស៣នាក់

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ស្រវឹងជិះម៉ូតូឌុបគ្នា៣នាក់ជ្រុលទៅបុកនឹងបង្គោលរបងដែលគេគរទុកចោល បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង៤៣នាទីល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវលំដីក្រហម ក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង បន្ទាប់ពីម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ជិះគ្នា ៣នាក់ លុះចំណុចជំរំតាម៉ៅ ខាងក្រោមផ្លូវចោរ អ្នកបើកម៉ូតូស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានជ្រុលទៅបុកបង្គោលរបង ដែលដាក់គរចោល ខាងកើតផ្លូវ បណ្តាលឲ្យស្លាប់ និងរបួស២នាក់ ដោយទី១មានឈ្មោះ ឈីន ភេទប្រុស អាយុ២០ឆ្នាំ
ជាកូនកំព្រា រស់នៅជាមួយឈ្មោះ វ៉ាត នៅកន្លែងកើតហេតុ ស្លាប់, ទី២ឈ្មោះ ល័ក្ខ រស់នៅភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងជនរងគ្រោះទី ៣ឈ្មោះ នីត រស់នៅភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទូត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រោយពីកើតហេតុ ជនរងគ្រោះដែលរងរបួសទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់