កំពតៈ លោកអធិការស្រុកឈូកបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន ថោង ស៊ីន មួយគ្រឿងបើកទៅបុកនឹងរថយន្តក្រឡុកស៊ីម៉ង់ត៍ពេញទំហឹង ក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១០៩-១១០ ចំណុចភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនថោងស៊ីន ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1B-8384 អ្នកបើកបរមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយមានអ្នករួមដំណើរនៅលើរថយន្តសរុបចំនួន៦២នាក់ លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងរថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌សលាយក្រហម មួយគ្រឿងពេញទំហឹង បណ្តាលឲ្យរថយន្តក្រុងក្រឡាប់ផ្ងារជើង រហូតបណ្តាលឲ្យមនុស្សចំនួន១៥នាក់ រងរបួសធ្ងន់ ក្នុងនោះមានស្រី១០នាក់ ប្រុស៥នាក់។ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំកម្រិតធ្ងន់ ហើយភ្លាមៗអ្នកបើកបររថយន្តទាំងសងខាង បានបើកទ្វារត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់