ព័ត៌មានជាតិ

ជែងមិនមើលឧបសគ្គដួលចូលក្រោមកង់រថយន្ត កិនស្លាប់មួយរំពេច!

ត្បូងឃ្មុំៈ លោកសេនាធិការនៃស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទី ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨០-១៨១ ស្ថិតនៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោកសេនាធិការនៃស្នងការនគរបាលខេត្តត្បូងឃ្មុំ បន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកសង់សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1ផ-5544 បើកបរដោយឈ្មោះ សេង ហ៊ន់ ភេទប្រុស អាយុ២៧ឆ្នាំ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីកើតទៅលិច ហើយបានជែងរថយន្តធុនធំ១គ្រឿង ជ្រុលទៅចូលកង់ក្រោយរថយន្តហ៊ីយ៉ាន់ដាយ ដែលកំពុងបើកបរពីកំពង់ចាម ទៅច្រកស្អំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-2257 បើកបរដោយឈ្មោះ ភិន ភាវុធ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល បណ្តាលឲ្យកិនស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក រង់ចាំការដោះស្រាយគ្នានាពេលក្រោយ៕

មតិយោបល់