ភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋនេសាទត្រីប្រទះឃើញយកខោរបស់ខ្លួនចងកជាប់ទៅនិងដើមរាំងកណ្តាលបឹង មួយកន្លែង ហើយមានសភាពហើមស្អុយរលួយទៅហើយ។
ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចដើមរាំងក្នុងបឹងអូឈូក មួយកន្លែង ចំងាយពីភូមិប្រហែល ៣គីឡូ ដែលស្ថិតនៅក្រុម១០ ភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សាកសពបុរសដែលធ្វើអត្តឃាតដោយចងកនោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ដែលមានអាយុប្រហែលជាង ៤០ឆ្នាំ ហើយសពអាចស្លាប់ប្រហែល២ទៅ៣អាទិត្យមកហើយ ព្រោះសាកសពមានសភាពហើមស្អុយរលួយទៅហើយ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលប្រទះឃើញសព មានប្រជាពលរដ្ឋអ្នកនេសាទត្រីម្នាក់ បានដើរទៅលើកលបត្រីដែលដាក់នៅក្នុងបឹងខាងលើ ខណៈដើរទៅដល់កន្លែងកើតហេតុ ស្រាប់តែមានក្លិនស្អុយក៏ដើរទៅមើល ស្រាប់តែឃើញបុរសម្នាក់យកខោពណ៌ខ្មៅជើងវែង ដោយមិនមានពាក់អាវ ស្លៀកខោលីអូមានសភាពហើមស្អុយរលួយទៅហើយ ភ្លាមៗនោះ អ្នកនេសាទក៏បានរត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងរាយការណ៍ទៅកម្លាំងនគរបាលការិយាល័យ កោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងបានធ្វើការសន្និដ្ឋាន និងវាយតម្លៃថា ជាករណីអត្តឃាតដោយចងកសម្លាប់ខ្លួនឯង ដោយយកខោស្លៀកទៅចងកសម្លាប់ខ្លួនពិតប្រាកដមែន។ ចំណែកឯសាកសព ត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តសំបួរមាស ដែលស្ថិតនៅក្នុងភូមិមល សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់