ព័ត៌មានជាតិ

អាសូរ! ដោយសារវិបត្តិផ្លូវចិត្ត បុរសម្នាក់សមេ្រចចិត្តចងកសម្លាប់ខ្លួន

កណ្តាលៈ មានបុរសម្នាក់ បានសមេ្រចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតែវិបត្តិផ្លូវចិត្ត បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចលើផ្ទះជនរងគ្រោះ ក្នុងភូមិជ្រោយតាប៉ា ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រេង សារិទ្ធ ភេទ ប្រុស អាយុ៣១ឆ្នាំ(ស្លាប់) មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោក វ៉េ កុសល នាយប៉ុស្តិ៍គគីរបានឱ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះស្រេង សាវឿន ភេទស្រី អាយុ៣៧ឆ្នាំ (ត្រូវជាបងបង្កើតជនរងគ្រោះ) បានដេកខាងក្រោមផ្ទះជាប្រចាំ ចំណែកជនរងគ្រោះដេកនៅលើផ្ទះរៀងរាល់យប់។ ដោយឡែក នៅយប់កើតហេតុ ពេលបងស្រីដឹងខ្លួនឡើង ឃើញអំពូលនៅភ្លឺ និងមានការងឿងឆ្ងល់ បានឡើងទៅផ្ទះ ស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅធ្នឹមផ្ទះបាយស្លាប់បាត់ទៅហើយ។

លោក វ៉េង កុសល បានបន្តថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត បន្ទាប់ពីរងគ្រោះដោយសារតែគ្រោះចរាចរណ៍ ក្រោយមកក៏ឈប់បើករថយន្ត ហើយធ្លាក់ខ្លួនឈឺមកសម្រាកនៅផ្ទះជាមួយបង ស្រាប់តែចងកសម្លាប់ខ្លួនតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសស្រុកបានចុះទៅធ្វើការត្រួតពិនិត្យឃើញថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងមែន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់