យោងតាមប្រភពព័ត៌មានពី Bloomberg រាយការណ៍នៅថ្ងៃអង្គារ ម្សិលមិញ ក្រុមហ៊ុន Apple កំពុងត្រៀមរៀបចំកុំព្យូទ័រយួរដៃត្រកូល MacBook ចំនួន ៣ មូឌែល សម្រាប់បើកបង្ហាញចេញនៅខែក្រោយនេះ ក្នុងវេទិកាជំនួបក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីសកលលោក WWDC របស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះ អាចនឹងបញ្ចេញ MacBook ដែលមានអេក្រង់ទំហំ ១២ អ៊ីញ ជំនាន់ថ្មីមួយ ដំណើរការដោយបន្ទះឈីបក្រុមហ៊ុន Intel ស៊េរីថ្មី។ នេះដោយយោងតាមប្រភពព័ត៌មានដដែល។ កុំព្យូទ័រយួរដៃ MacBook ស៊េរីបច្ចុប្បន្ន រងការរិះគន់ពីអតិថិជនថា អង្គប្រតិបត្តិការរបស់វាមិនសូវខ្លាំង តែបានអាយុកាលថាមពលថ្មប្រើបានយូរគ្រាន់បើ។
ចំពោះ MacBook Pro ជំនាន់ថ្មីវិញ នឹងបំពាក់ដោយបន្ទះឈីប Intel ស៊េរីថ្មី ដែលមានកម្លាំងថាមពលប្រតិបត្តិការកាន់លឿនជាងមុន។ រីឯកុំព្យូទ័រដែលមានតម្លៃធូរថ្លៃជាងគេ គឺ MacBook Air ក៏នឹងភ្ជាប់មកជាមួយអង្គប្រតិបត្តិថ្មីផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ គេសង្កេតឃើញថា ក្រុមហ៊ុន Apple មិនដែលបញ្ចេញផលិតផលផ្នែក Hardware ថ្មីៗរបស់ខ្លួន នៅឯព្រឹត្តិការណ៍ WWDC ឡើយ។ ប៉ុន្តែ ដោយសារតែការបន្ទាន់ខ្លាំង ទើបក្រុមហ៊ុននឹងសម្រេចចិត្តធ្វើបែបនេះ៕
ប្រភព៖ businessinsider
មតិយោបល់