កណ្តាលៈ មានករណីមួយកើតឡើងដោយ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យមានអគ្គិភ័យឆេះផ្ទះអស់១ខ្នង និងឆក់យកជីវិតបុរសចាំចម្ការម្នាក់ ស្លាប់យ៉ាងអាណោចអាធម្ម។
ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង១១និង៣៥នាទី ព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះចាំចម្ការឈ្មោះ ហេង សួរ ចុងព្រែកតាឃុត ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម សំបូរ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរចាំចម្ការ (ត្រូវជាបងថ្លៃម្ចាស់ផ្ទះ) ស្នាក់នៅភូមិឃុំកើតហេតុ ខាងលើ។សម្ភារៈខូចខាត៖ ផ្ទះ១ខ្នងធ្វើអំពីឈើលើ ថ្មក្រោម ទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ប្រក់ហ្វីប្រ៉ូស៊ីម៉ងត៍ មានត សំយ៉ាបសង្ក័សីខាងមុខ,ម៉ូតូចំនួន១គ្រឿងម៉ាកវ៉េវ,ម៉ាស៊ីនបូមទឹកចំនួន៤គ្រឿង,ម៉ាស៊ីនភ្លើងចំនួន១គ្រឿង និងប្រេងម៉ាស៊ូតចំនួន៦កាន ព្រមទាំងសម្ភារៈមួយចំនួនទៀត ត្រូវខូចខាតទាំងស្រុង។
ប្រភពដដែលបន្តថា នៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋបានប្រទះឃើញភ្លើងឆេះផ្ទះ ពេលនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចនគរបាល និងមេភូមិ មេឃុំស្វាយប្រទាល បាននាំគ្នាបូមទឹកពន្លត់ប្រហែល១ ម៉ោងទើបភ្លើងរលត់។ ចំណែកជនរងគ្រោះនៅក្នុងផ្ទះផ្នែកខាងក្រោមក្នុងបន្ទប់ទឹក ចេញក្រៅផ្ទះមិនរួច ក៏ត្រូវបានភ្លើងឆេះស្លាប់នៅតែម្តង ។
តាមការអះអាងរបស់ប្រជាពលរដ្ឋឈ្មោះ ស៊ុយ សេងហ៊ន ហៅវែង ភេទប្រុស អាយុ៤០ឆ្នាំ អ្នកជិតខាងរាប់អានធ្លាប់ចេញចូលផ្ទះជនរងគ្រោះបញ្ចាក់ថា រយៈពេល៥ថ្ងៃកន្លងមក គាត់បានឃើញឆ្លងចរន្តអគ្គិសនី បារ៉ែត ត្រង់ទ្វារផ្ទះខាងក្រោម ធ្លាប់បានប្រាប់ជនរងគ្រោះដូរចេញ ខ្លាចឆេះផ្ទះតែជនរងគ្រោះថា ចាំរកពេលដូរ ហើយនៅក្នុងផ្ទះនោះមានប្រេងសាំង ហ្គាសនៅក្បែរបារ៉ែតភ្លើងនោះទៀត ។
ក្រោយពេលសមត្ថកិច្ចពិនិត្យកន្លែងកើតហេតុ និងបានពិនិត្យសាកសព ចប់សព្វគ្រប់ក៏បានប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់