ភ្នំពេញៈ បុរស២នាក់ ជិះរថយន្តទាំងបែកកង់ ធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យក៏ដេញតាមឃាត់សួរនាំបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចជិតសាលាណតព្រីជ តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌចំការមនបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺកម្លាំងកំពុងតែជិះល្បាតនៅក្នុងមូលដ្ឋានពេលមកដល់ខាងមុខមន្ទីរពេទ្យរុស្សីក៏ឃើញរថយន្ដម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1413 បើកបរដោយបុរស២នាក់ទិសដៅពីត្បូងទៅជើងទាំងរថយន្ដបែកកង់។ ដោយមានការសង្ស័យសមត្ថកិច្ចក៏ជិះដេញពីក្រោយ តាមឃាត់ដើម្បីសួរនាំរហូតដល់ខាងមុខសាលាណតព្រីជតាមបណ្ដោយផ្លូវលេខ២០០៤ទើបរថយន្ដឈប់។
ចំណែកម្ចាស់រថយន្ដបានឲ្យដឹងថា រូបគាត់ទើបតែចេញពីជប់លៀងនៅកម្មវិធីផ្ទះបងប្អូន នៅឯសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ហើយពេលដែលចេញមកបានបន្តិចរថយន្ដក៏បែកកង់ក្រោយ គាត់បានឈប់ប្ដូរកង់ដែរ តែដោយសម្រាប់ដូយរថយន្ដនោះខូច ទើបជិះទាំងបែកកង់តែម្ដងទៅ ពេលជិះហួសស្ពានអាកាសស្ទឹងមានជ័យបន្តិចរថយន្ដក៏បែកកង់ខាងមុខមួយទៀត ហើយក៏មិនបានដឹងថាសមត្ថកិច្ចដេញដែរ។
ក្រោយពីឃាត់សួរនាំដឹងសាច់រឿងហើយនោះសមត្ថកិច្ចក៏ឲ្យម្ចាស់រថយន្ដយករថយន្ដទៅធ្វើដោយខ្លួនឯងដោយមិនឃាត់អ្វីនោះទេ៕
មតិយោបល់