ព័ត៌មានជាតិ

រថយន្តបើកមិនគោរពសិទ្ធិអាទិភាព បុកកិនម៉ូតូបុរសម្នាក់ស្លាប់នៅនឹងកន្លែង

ត្បូងឃ្មុំ: តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៩នាទី យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤-១៤៥ ស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូង។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាកTOLUMBIR ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ចាម3A-3572 មិនស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុបានគេចខ្លួនបាត់)។ ក្នុងទិសដៅ ម៉ូតូបើកបរផ្លូវត្រង់ពីសួង ទៅជើងខាល កើតទៅលិច ចំណែករថយន្តបើកបរចេញពីផ្ទះពីសួង មកក្រែក ពីជើងបត់ទៅកើត អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព រថយន្តមិនគោរពសិទ្ធអាទិភាព បានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1F-0555 បើកបរដោយឈ្មោះ ឃុន ដាលីន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង នឹងនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួងដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់