ព័ត៌មានជាតិ

កម្មករឡឥដ្ឋម្នាក់ផឹកស្រវឹង ខ្យល់គដួលស្លាប់គងនៅលើអង្រឹងបង្កការភ្ញាក់ផ្អើល!

កណ្ដាល‌ៈ បុរសកម្មករឡឥដ្ឋម្នាក់ ស្រវឹងស្រាដួលខ្យល់គស្លាប់លើអង្រឹង ក្នុងបន្ទប់ បានបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុ‌ការណ៍បានកើតឡើងនៅ វេលាម៉ោង‌៥និង៣០ នាទី ទៀបភ្លឺថ្ងៃ‌ទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចឡឥដ្ឋយីហោ សុភមង្គល ភូមិព្រះប្រសប់ ឃុំ‌ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្ត‌កណ្ដាល‌។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ‌ ចាន់ ជុំ ភេទ‌ប្រុស អាយុ ៥៥ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅភូមិព្រែកតាអូក ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយមានប្រពន្ធឈ្មោះ គឹម លីមនិងកូនប្រុសម្នាក់។

ប្រភពដដែលបានបញ្ជាក់ទៀតថា រយៈពេល១ឆ្នាំមកហើយដែលជនរងគ្រោះបានមកធ្វើជាកម្មករឡឥដ្ឋសុភមង្គល ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅបន្ទប់លេខ២៩ តែម្នាក់ឯង ហើយជនរងគ្រោះរូបនេះ តែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ។ លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ជនរងគ្រោះបានទិញស្រា ស យកទៅផឹកក្នុងបន្ទប់ ពុំបានធ្វើការទេ និងកាន់ដបស្រាដើរផឹកក្នុងឡឥដ្ឋ រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែល ជនរងគ្រោះមានសភាពស្រវឹងស្រាខ្លាំងបានឡើងទៅសម្ងំដេកនៅក្នុងបន្ទប់តែម្នាក់ឯង។ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៥ព្រឹក ជនរងគ្រោះ បានក្រោកពីដេកហើយមកឈរតោងបង្កាន់ដៃមុខបន្ទប់ដេកនោះ។ លុះដល់ម៉ោង៥និង៣០នាទីព្រឹក ថ្ងៃដដែលជនរងគ្រោះមានសភាពងងឹតមុខ ក៏ដើរចូលក្នុងបន្ទប់ដេករបស់ខ្លួនវិញហើយដួលផ្កាប់មុខគងនៅអង្រឹង ពាក់កណ្តាលខ្លួន ឯផ្ទៃមុខបោក
ទៅលើក្តាររនាបបន្ទប់បណ្តាលឲ្យបែកបបូរមាត់ខាងស្តាំចេញឈាមបានស្លាប់បាត់បង់ជីវិតទៅហើយ។

ពេលនោះមេការឡឥដ្ឋបានទូរសព្ទរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចនគរបាលសហការជាមួយ គ្រូពេទ្យបានពិនិត្យសាកសពដោយហ្មត់ចត់ ពុំ‌មាន‌ស្លាក‌ស្នាមអី្វឡើយ ពិតជាស្លាប់ដោយ‌សារជំងឺខ្យល់គមែន ក៏បាន‌ប្រគល់សព‌ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់