ព័ត៌មានកីឡា

ល្បីថា អេ​ ភូថង នឹង​​ឡើង​សង្វៀនជា​ថ្មី​​ ប្រកួតជា​មួយ​កីឡាករ​ជើង​ខ្លាំង​ថៃ

នៅ​ថ្ងៃ​ទី៤​ ខែ​មិថុនា​ ខាង​មុខ​នេះ​​ អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ អេ​ ភូថង​ នឹង​​ឡើង​សង្វៀនជា​ថ្មី​​ ក្នុងការប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​ថៃ នៅសង្វៀន PNN ដើម្បី​រក​ប្រាក់​ជួយ​ដល់​មន្ទីរ​ពេទ្យកុមារ​គន្ធបុប្ផា។

​បច្ចុប្បន្ន​​លោក​កំពុង​​ហ្វឹកហាត់​ត្រៀមយ៉ាង​សកម្ម​​ ជា​ពិសេស​​គឺ​ហាត់​យក​កម្លាំង​តែ​ម្ដង​ ព្រោះ​វ័យ​ចាស់​ទៅ​ហើយ​ សម្រាប់​ការ​ប្រកួត​នេះ​លោក​នឹង​​​ទាត់​ឲ្យ​បាន​ច្រើនឲ្យ​អស់​ពី​សមត្ថភាព​បំផុត។ ចំពោះប្រាក់​តម្លៃ​ខ្លួន​ប្រកួត​ពាក់​កណ្ដាល​របស់​លោក​នឹង​បរិចាក​ទៅ​ឲ្យ​មន្ទីរពេទ្យ​ គន្ធបុប្ផា​ដើម្បី​ជួយ​កុមារ។​

គ្រូ​ប្រដាល់​គុន​ខ្មែរ​ជម្រើស​ជាតិ​កម្ពុជា​រូបនេះ ក្រៅ​ពី​តម្លៃ​ខ្លួន​ដែល​​ផ្តល់​​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ​ ការ​ប្រកួត​របស់​លោក​នេះ​​ក៏​ជា​ការ​ជំរុញ​ទឹកចិត្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​យក​ចិត្ត​ទុកដាក់​ និង​ងាក​មក​លេង​កីឡា​ទាំង​អស់​គ្នា​ ព្រោះ​កីឡា​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​សុខភាព​ល្អ​ បើ​ទោះ​ជា​មាន​អាយុ​ច្រើន​ក៏​ដោយ៕

 

មតិយោបល់