ព័ត៌មានជាតិ

ចោរកាច់កម៉ូតូ ប៉ះចំថ្ងៃស៊យទ្រោមខ្លួនទាំងព្រឹក!

ភ្នំពេញៈ ជនសង្ស័យជាចោរកាច់កម៉ូតូម្នាក់ បានធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ស្រ្តីម្នាក់បានសម្រេច បម្រុងនិងជិះគេចខ្លួនទៅហើយ ប៉ុន្តែត្រូវបានស្រ្តីចំណាស់ដែលជាម្ចាស់ម៉ូតូឃើញទាន់ ក៏បានសួរថាតើយកម៉ូតូ ខ្ញុំទៅណា? ខណៈនោះគាត់រួមជាមួយប្រជាលរដ្ឋស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលរួចបានចាប់វាយ ម្នាក់មួដៃមួយជើង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ហើយបើកុំតែបានក្រុមសន្តិសុខផ្សារជួយរំដោះប្រហែល ត្រូវស្លាប់បាត់ទៅហើយ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងផ្សារជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ថោង ភក្ដី អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិថ្មគោល សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ហើយនគរបាលដកហូតបានឧបករណ៏សម្រាប់កាច់សោកម៉ូតូ១កំប្លេរ,សំបុត្រផ្ញើរម៉ូតូមួយចំនួន,កូនសោម៉ូតូ និងកាបូបដៃ១ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ ចំណែកឯស្រ្តីរងគ្រោះឈ្មោះ ផាត រឹម អាយុ៦០ឆ្នាំមានមុខរបរជាអ្នកអនាម័យ នៅសាលរៀន មានស្រុកកំណើតនៅក្នុងភូមិតាំងបន្ទាយ ឃុំវាពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃស្នាក់នៅ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ រីឯម៉ូតូរបស់គាត់ដែលត្រូវចោរលួច យកបានសម្រេចហើយជិះចេញមិនរួចនោះ ម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកំពង់ស្ពឺ 1B-6287។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូ១គ្រឿងខាងលើ ទៅរកទិញ បន្លែនៅក្នុងផ្សារជម្ពូវ័ន លុះពេលទៅដល់គាត់បានទុលម៉ូតូនៅក្នុងផ្សារនោះ ដោយចាក់សោរកត្រឹមត្រូវហើយ បានដើរទៅទិញបន្លែនៅជិតនោះ។ហើយគ្រាន់តែដើរចូលទៅដល់ ស្រាប់តែក្រឡេកមើលទៅម៉ូតូឃើញជន សង្ស័យឡើងជិះបម្រុងគេចខ្លួន។ ភ្លាមៗនោះស្រ្តីម្ចាស់ម៉ូតូបានរត់ទៅសួរថា យកម៉ូតូខ្ញុំទៅណា? បន្ទាប់ស្រ្តីរូប នោះរួមជាមួយប្រជាពលរដ្ឋ នាំគ្នាស្រែកថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់វាយទ្រមខ្លួនខ្លួន ហើយបើកុំតែបានសន្តិសុខជួយទាន់ ប្រហែលជាត្រូវក្សិណក្ស័យបាត់ទៅហើយ។

ក្រោយពេលកើតហេតុ ខាងសន្តិសុខផ្សារខាងលើបានហៅឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅទៅយកជននោះទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

https://youtu.be/pqFx_snGH6I

មតិយោបល់