ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់រអិលជើងដួលផ្កាប់មុខក្នុងប្រឡាយទឹកលង់ស្លាប់

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា មានករណីបុរសម្នាក់ រអិលជើងដួលផ្កាប់មុខក្នុងប្រឡាយទឹកបណ្តាលឲ្យលង់ស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា៨និង៣០នាទី យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចប្រឡាយ ១៧ មេសា ស្ថិតនៅភូមិសារវន័្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ ស៊ឹង កន អាយុ៦៤ឆ្នាំ ភេទប្រុស ស្នាក់នៅ ភូមិ ឃុំកើតហេតុខាងលើ មានកូនស្រីម្នាក់ ធ្វើកម្មករនៅប្រទេសថៃ។
លោកអធិការស្រុកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរឆ្លងប្រឡាយពីត្បូងទៅជើង ទៅលេងផ្ទះរបស់ឈ្មោះ ម៉ែន ឆុន ជារឿងរាល់ថ្ងៃ លុះដល់ចំណុចកើតហេតុខាងលើបានរអិលជើងដួលផ្កាប់មុខក្នុងប្រឡាយទឹកបណ្តាលឲ្យលង់ស្លាប់តែម្តង។
តាមការបំភ្លឺរបស់បងប្អូនជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ។

សាកសពត្រូវបានកម្លាំងបច្ចេកទេស និងកម្លាំងជំនាញ ចុះធ្វើកោសល្យវិច័យរួចហើយ ធ្វើកំណត់ហេតុប្រគល់សាកសពជូនបងប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់