ក្រុមមន្ត្រីមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺបានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា នៅក្នុងខេត្តកំពង់ស្ពឺនេះ មានមន្រ្តីអាវុធហត្ថ មន្ត្រីនគរបាល រួមនិងមន្ត្រីយោធាមួយចំនួន បានយកតួនាទី ភារកិច្ចទៅប្រព្រឹត្តិបទល្មើស ពាក់ព័ន្ធក្នុងការរកស៊ីដឹកឈើគ្រញូងនាំចេញទៅវៀតណាម ដោយមានការចាប់ដៃគ្នាជាមួយមន្ត្រីយោធានៅ ស្រុកក្រគរ ខេត្តពោធិសាត់ផងដែរ។
ក្រុមមន្ត្រីដដែលបានខ្សឹបប្រាប់នាយក្តាមប្រៃយើងទៀតថា លោក ឆេង ឡុង នាយរងសេនាធិការកងរាជអាវុធហត្ថកំពង់ស្ពឺ រួមនិងនគរបាល និងទាំងយោធាមួយចំនួនមានការជាប់ពាក់ព័ន្ធក្នុងការរកស៊ីដឹកជញ្ជូនឈើគ្រញូងនាំចេញទៅប្រទេសវៀតណាម ដោយដឹកចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឆ្លងកាត់ទៅតាមស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយផ្កើនទៅនឹងបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។
ប្រភពបានខ្សឹបប្រាប់នាយក្តាមប្រៃទៀតថា មន្រ្តីដែលពាក់ព័ន្ធនៅក្នុងរឿងដឹកឈើគ្រញូងទៅប្រទេសវៀតណាម ហើយដែលសមត្ថកិច្ចមិនហ៊ានប៉ះពាល់ គឺមានឈ្មោះ ឆេង ឡុង នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឈ្មោះ ថេង ជាមន្រ្តីយោធាភូមិភាគ ឈ្មោះ ម៉ៅ ជាមន្រ្តីប៉ូលិសស្រុកក្រគរ ឈ្មោះ ជាតិ មន្រ្តីអាវុធហត្ថស្រុកក្រគរ នឹងឈ្មោះ វ៉ាន់ មន្រ្តីអាវុធហត្ថ។
បើតាមប្រភពដដែលបានខ្សឹបបន្តទៀតថា ឈើប្រណីតដែលឈ្មួញដឹកចេញពីស្រុកឱរ៉ាល់ ពេលយប់យកទៅលក់នៅប្រទេសវៀតណាម ដោយដឹកចេញតាមច្រកទ្វារព្រំដែនទាន់ហន់ខេត្តកំពត។ ឈើប្រណីតទាំងនោះ ក្រុមឈ្មួញប្រមូលទិញតាំងពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ពេលឈើដឹកឆ្លងទឹកដីខេត្តពោធិ៍សាត់ គឺឈ្មោះ ម៉ៅ ជាមន្រ្តីនគរបាលស្រុកក្រគរ និងឈ្មោះ ជាតិ ជាមន្រ្តីអាវុធហត្ថស្រុក្រគរ ជាអ្នករត់ការ។ នៅពេលចូលទៅដល់ទឹកដីខេត្តកំពង់ស្ពឺ គឺគ្រប់គ្រង និងរត់ការដោយឈ្មោះ ឆេង ឡុង និងឈ្មោះ ថេង ។ លុះពេលទៅដល់ទឹកដីខេត្តកំពតមានអ្នករត់ការផ្លូវការផ្សេងទៀត ដោយក្នុងនោះគេដឹងថា មានមន្រ្តីអាវុធហត្ថម្នាក់ផ្សេងទៀត។
ក្រុមមន្ត្រីដដែលបានខ្សឹបទៀតថា នៅក្នុងខេត្តកំពង់ស្ពឺនេះ អ្នកណាក៏ខ្លាច អំណាចលោក ឆេង ឡុង នោះដែរ ពិសេសឈ្មួញអ្នករកស៊ីតូចតាច ត្រូវបានលោក ឆេង ឡុង តែងតែសំឡុត គំរាមកំហែងចាប់យកឈើ ឬក៏បង្ខំឲ្យលក់ឈើឲ្យខ្លួនក្នុងតម្លៃថោក ហើយគាត់យកទៅលក់បន្តបានតម្លៃថ្លៃ។
ក្រុមមន្ត្រីបានខ្សឹបប្រាប់ទៀតថា សកម្មភាពរបស់លោក ឆេង ឡុង នោះ មិនដឹងថា លោកមេបញ្ជាការកងរាជអាវុធខេត្តបានជ្រាបដែរ ឬអត់នោះទេ។ រឿងអាស្រូវខាងលើនេះ នាយក្តាមប្រៃយើងមិនធ្វើអត្ថាធិប្បាយអ្វីទេ ទុកឲ្យថ្នាក់លើសាមីអង្គភាព ចាត់ការសើបអង្កេតទៅចុះ៕
មតិយោបល់