ព័ត៌មានជាតិ

អុញ! លួចម៉ូតូគេមកដល់កន្លែងធ្វើសោ មានអីសមត្ថកិច្ចមកទាន់ស្រឡះដៃធេង!

បន្ទាយមានជ័យ: លោកអធិការរងក្រុងប៉ោយប៉ែត ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post News ថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿង បានសម្រេចបណ្តើររត់មកដល់កន្លែងធ្វើសោ ដើម្បីបញ្ឆេះជិះគេចខ្លួន មានអីសមត្ថកិច្ចមកទាន់ ចាប់ខ្លួនបានតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលីហូវ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ សុង យ៉ន ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិថ្នល់បត់ ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។

តាមការសាកសួរ ជនសង្ស័យបានសារភាពថា មុនពេលកើតហេតុ ខ្លួនបានដើរពីផ្សារអគ្គះ ទៅទិសខាងជើង លុះបានមកដល់ចំណុចផ្ទះល្វែងមួយកន្លែង ក៏បានឃើញមានម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងម៉ាក CBR ពណ៌លឿងលាយខ្មៅ គ្មានស្លាកលេខ ទុកចោលនៅមុខផ្ទះ ដោយមិនឃើញម្ចាស់ផងនោះ ខ្លួនក៏បានធ្វើសកម្មភាពលួច យកមកបណ្តើរគេចខ្លួនមកកន្លែងធ្វើសោតាមដងផ្លូវជាតិ ដើម្បីធ្វើសោបញ្ឆេះជិះម៉ូតូគេចខ្លួន តែពេលមកដល់កន្លែងធ្វើសោហើយនោះ ស្រាប់តែមានសមត្ថកិច្ចមកដល់ដូចគ្នា ហើយក៏ធ្វើការឃាត់ខ្លួនតែម្តង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងស្រាវជ្រាវរកម្ចាស់ម៉ូតូ ដើម្បីមកទទួលម៉ូតូរបស់ខ្លួនទៅវិញផងដែរ៕

មតិយោបល់