ព័ត៌មានជាតិ

មេឆ្នោត២នាក់ ដែលកញ្ញា វ៉ា សក្តា បញ្ជាឲ្យចាប់ ពេលមកដល់តុលាការ មានម្នាក់ទៅផ្ទះ ម្នាក់ទៅគុក ហេតុអ្វី?

ភ្នំពេញ: ក្រោយពីបានបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាប ដូចភ្លៀងរលឹម លើបនល្បែងស៊ីកន្ទុយលេខ នៅខណ្ឌឬស្សីកែវ នោះ មេកន្ទុយលេខ ២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ទោះជាមាន បទល្មើសពាក់ព័ន្ធករណី បើកបនល្បែងស៊ីសងដូចគ្នាក៏ដោយចុះ ប៉ុន្តែមិនប្រាកដថា វាសនាជនសង្ស័យសុទ្ធតែដូចគ្នានោះទេ ពោលគឺ អាចនឹងខុសគ្នាអាស្រ័យលើ ឆន្ទានុសិទ្ធិរបស់តំណាងអយ្យការ សម្រេចថា ចោទប្រកាន់ ឬដោះលែងឲ្យមានសេរីភាពវិញ។

ជាក់ស្តែង បើយោងតាមការអះអាងរបស់សមត្ថកិច្ចខណ្ឌឬស្សីកែវ បានឲ្យដឹងថាជនសង្ស័យឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានកញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនពាក់ព័ន្ធករណីបើកកន្លែងកត់កន្ទុយលេខ(ឆ្នោតវៀតណាម) ស្ថិតនៅចំណុចផ្ទះ១៩៦៤ ផ្លូវជាតិ៥ ក្រុម២ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នោះត្រូវកញ្ញា វ៉ា សក្តា ដដែលជាអ្នកសម្រេចចេញដីកា ដោះលែងឲ្យមានសេរីភាពវិញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ។

ប្រភពពីសមត្ថកិច្ចថា ដោយឡែកជនសង្ស័យ ឈ្មោះ លីអ៊ា តេងលី ភេទស្រីអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ជាមេកន្ទុយលេខ ដែលកញ្ញា វ៉ា សក្តា បញ្ជាឲ្យចាប់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ផងដែរនោះ បែរជាត្រូវតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអសន្ននៅពន្ធនាគារ។

ក្រុមសមត្ថកិច្ចខណ្ឌឬស្សីកែវ បានបន្ថែមថា អ្វីដែលពួកគាត់កត់សម្គាល់នោះ គឺការអនុវត្តច្បាប់មានស្តង់ដា ២ទៅលើ ជនសង្ស័យជាមេកន្ទុយលេខដូចគ្នា ពោលគឺជនសង្ស័យឈ្មោះ សុខ ពៅ ត្រូវបាន លោក ទៀង ចាន់សា អធិការខណ្ឌយកចិត្តទុកដាក់ទាំងកន្លែងដេកក្នុងអំឡុងពេលឃាត់ខ្លួន៤៨ម៉ោងនោះគឺត្រូវគេឲ្យទៅសម្រាកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់របស់លោកប្រធានផ្នែកព្រហ្មទណ្ឌខណ្ឌម្នាក់ តែម្នាក់ឯង យ៉ាងមានផាសុខភាពបំផុត។

ជាងនេះទៅទៀត ជនសង្ស័យឈ្មោះ សុខ ពៅ ត្រូវបានសមត្ថកិច្ចដឹកទៅកាន់សាលាដំបូងក្រុងភ្នំពេញ តាមរថយន្តម៉ាកហាយឡែនឌ័រ ទំនើបខុសប្លែកពីជនសង្ស័យដទៃៗទៀត។

ចំណែកជនសង្ស័យឈ្មោះ លីអ៊ា តេងលី ត្រូវបានសមត្ថកិច្ចនិយាយថា ត្រូវលោក ទៀង ចាន់សា អធិការខណ្ឌបញ្ជាឲ្យឃុំខ្លួនបណ្ដោះអាសន្នជាមួយជនសង្ស័យទូទៅ នៅបន្ទប់រួមគ្នាជាច្រើននាក់។ នៅពេលសមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យឈ្មោះ លីអ៊ា តេងលី ទៅតុលាការគឺមានវាសនា ជិះឡានល្អទេ មានតែឡានកូរ៉េខ្លាំងហែងដូចគេឯងជាជនសង្ស័យកម្រិតទាប ព្រោះតែរថយន្តទំនើបគេទុកដឹកជនសង្ស័យ VIP។

សមត្ថកិច្ចខណ្ឌឬស្សីកែវ បានសម្តែងការងឿងឆ្ងល់ ចំពោះចំណាត់ការផ្លូវច្បាប់ ចំពោះមនុស្ស២នាក់ មានបទល្មើសដូចគ្នាប៉ុន្តែមានវាសនាខុសគ្នាពេលមកដល់តុលាការ តើហេតុអ្វីទៅ?

ទាក់ទងនឹងការដោះលែងជនសង្ស័យជាមេកន្ទុយលេខឈ្មោះ សុខ ពៅ នេះយើងមិនអាចសុំការបញ្ជាក់ពីលោក លី សុផាណា បានទេដោយសារលោកមិនបានឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មាននៅក្នុងគ្រុប Telegram។

ដោយឡែកពាក់ព័ន្ធនឹងការលើកឡើងរបស់សមត្ថកិច្ចខណ្ឌឬស្សីកែវ ជាមន្ត្រីក្រោមឱវាទ លោក ទៀង ចាន់សា អធិការខណ្ឌនោះយើងក៏មិនអាចសុំការបកស្រាយពីលោកអធិការបានដែរ ព្រោះយើងហៅទូរសព្ទចូលលោកថា លោកជាប់រវល់ប្រជុំ។

គួររំលឹកថា កម្លាំង នគរបាលខណ្ឌឬស្សីកែវកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅបានចុះទៅបង្ក្រាបផ្ទះកត់កន្ទុយលេខមួយកន្លែងស្ថិតនៅចំណុចផ្ទះគ្នានលេខ ផ្លូវលំ ក្រុម៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ លីអ៊ា តេងលី និងដកហូតបានក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនរួមមាន ត្រាសម្រាប់វាយថ្ងៃខែឆ្នាំចំនួន១,ប៊ិចចំនួន៤ដើម,ម៉ាស៊ីនគិតលេខចំនួន១ សេរីចេញឆ្នោតមួយចំនួន និងប្រាក់ចំនួន៥០,០០០រៀល។

បន្ទាប់មកនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចបានចុះ បង្ក្រាបទីតាំងល្បែងស៊ីសងប្រភេកន្ទុយលេខ(វៀតណាម)ទៀត ស្ថិតនៅចំណុចផ្ទះ១៩៦៤ ផ្លូវជាតិ៥ ក្រុម២ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ពៅ និងដកហូតបានវត្ថុតាងរួមមាន ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ ត្រាសម្រាប់វាយថ្ងៃខែឆ្នាំចំនួន១,ប៊ិចចំនួន៣ដើម,ម៉ាស៊ីនគិតលេខចំនួន១ សេរីចេញឆ្នោតមួយចំនួន និងប្រាក់ចំនួន៨០,០០០ម៉ឺនរៀល។

ទីបំផុតជនសង្ស័យមានភស្តុតាងលុយច្រើនជាងរួចខ្លួន ឯអ្នកមានភស្តុតាងលុយតិចជាប់គុក តើហេតុអ្វីទៅ?

//youtu.be/7PCWjbxRK8Q

មតិយោបល់