ព័ត៌មានជាតិ

បាឡែនបោះពួយលឿនបុកម៉ូតូពីក្រោយរបួសធ្ងន់ស្រាល៣នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបង្ករឲ្យមានការភ្ញាក់ផ្អើល ខណ:ដែលរថយន្តបង្ក ម៉ាកបាឡែនបើកបរក្នុងល្បឿនលឿន បានបុកម៉ូតូស៊ុយស៊ូគី ចំពីក្រោយ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចន្លោះគីឡូម៉ែត្រ២៤-២៥។

បើតាមនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ ព្រីង សុខ ភេទប្រុស អាយុ៦៣ឆ្នាំ,ទី២ ឈ្មោះ យន ស្រីទូច ភេទស្រី អាយុ៣៤ឆ្នាំ ជាកូន របួសធ្ងន់ និងទី៣ ឈ្មោះ យន សុនលី ភេទស្រី អាយុ៣៦ឆ្នាំ ជាកូន របួសធ្ងន់ អ្នកទាំង២រស់នៅភូមិឃុំជាមួយគ្នា នៅភូមិទួលធ្នង់ ឃុំព្រះនិពាន្ធ ខេត្តកំពង់ស្ពឺ។

សាក្សីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តបង្ក ម៉ាកបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ 2AC-5987 ក្នុងទិសដៅពីភ្នំពេញទៅតាកែវ (អ្នកបើកបរគេចខ្លួនបាត់)។ រីឯម៉ូតូរងគ្រោះម៉ាក សុយស៊ូគី ពាក់ស្លាកលេខ 1AA-3481 បើកបរពីភ្នំពេញ ទៅតាកែវ(ស្របទិសគ្នា) របួសស្រាលមានអ្នករួមដំណើរ២នាក់នៅពីក្រោយ លុះដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបើកបុកចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល។ ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅបន្ទីពេទ្យព្រះសង្ឃ។
មូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿន បានបុកម៉ូតូពីក្រោយ។ ខូចខាតរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង។ សម្ភារ:បានបញ្ជូនមករក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ត៕

មតិយោបល់