ព័ត៌មានជាតិ

សម្រស់ស្ទឹងព្រៃប្រស់ ដែនដីកំពង់ធំ អាចនឹងត្រូវបាត់ឈ្មោះក្នុងពេលឆាប់ៗ

កំពង់ធំៈ រមណីយដ្ឋានស្ទឹងព្រៃប្រស់ ដែលជាបឹងធម្មជាតិតាំងពីដូនតា មានទីតាំងស្ថិតនៅខាងលិចស្ពានព្រៃប្រស់ ក្នុងឃុំត្បែង ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ គឺជាទីរមណីយដ្ឋានដ៏មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរគ្រប់រូបលំហែរកម្សាន្ត និងបណ្ដែតអារម្មណ៍បែបធម្មជាតិ។ រមណីយដ្ឋានធម្មជាតិមួយនេះ អាចឲ្យអ្នកទេសចរ មកអង្គុយលំហែរកាយ គយគន់ទេសភាព និងវាលស្រែដ៏ធំល្វឹងល្វឺយ នៃសម្រស់ទឹកដីខេត្តកំពង់ធំ ព្រមទាំងងូតទឹកលេងកម្សាន្តយ៉ាងសប្បាយ។ លើសពីនេះទៀត ប្រជាពលរដ្ឋក៏អាចរកចំណូលបានយ៉ាងច្រើនផងដែរ តាមរយៈការផ្ដល់សេវា លក់ម្ហូបអាហារ និងផលិតផលក្នុងតំបន់ជូនភ្ញៀវទេសចរ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។

ប៉ុន្តែពិតជាគួរឲ្យអនិច្ចា និងសោកស្ដាយបំផុត គ្រាដែលសម្រស់ដងស្ទឹងធម្មជាតិដ៏ស្រស់ស្អាតមួយនេះ នឹងត្រូវបាត់បង់ពីរមណីយដ្ឋានសម្រាប់កម្សាន្ត ទៅជាទីឋានរបស់ឈ្មួញទិញលក់ដីមួយក្តាប់តូច ដែលគ្រោងអភិវឌ្ឍមិនគិត។ បច្ចុប្បន្នចំណីដីរមណីយដ្ឋានស្ទឹងព្រៃប្រស់ កំពុងត្រូវឈ្មួញចាក់ដីលុប និងឈូសឆាយយកធ្វើជាកម្មសិទ្ធិ ពុះកាប់លក់ជាសាធារណៈបានយ៉ាងសេរី ដោយមិនមានវិធានការ។

ពាក់ព័ន្ធករណីលុបដីស្ទឹងព្រៃប្រស់នេះ លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយថា ការឈូសឆាយពីសំណាក់ឈ្មួញខាងលើ គឺគេមានច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្ត។ លោកបន្ថែមថា លោកមិនបានចុះហត្ថលេខាលើដីព្រៃប្រស់នេះទេ ហើយលោកក៏ទើបតែកាន់តំណែងជាអភិបាលស្រុកដែរ គឺធ្វើឡើងតាំងពីអភិបាលស្រុកជំនាន់មុន លោក អុឹម ថន ដែលបច្ចុប្បន្នបានចូលនិវត្តន៍ហើយ។

ចំណែក លោក អុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ និយាយថា ទីតាំងចាក់ដីលុបស្ទឹងរមណីដ្ឋានខាងលើ គេមានច្បាប់អនុញ្ញាត ជាកម្មសិទ្ធិរបស់គេ ដែលទទួលស្គាល់លេខក្បាលដីពីប្រធានមន្ទីរមុន ឈ្មោះ ឌិត ធន តាំងពីឆ្នាំ២០០៩មកម្ល៉េះ។

គួរជម្រាបថា ថ្មីៗនេះ ប្រជាពលរដ្ឋបានប្ដឹងទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកសម្ដេចផ្ទាល់ ជុំវិញបញ្ហាមិនប្រក្រតីមួយចំនួនក្នុងខេត្តកំពង់ធំ។ ប្រជាពលរដ្ឋបានប្ដឹងសម្ដេចពីបញ្ហា រួមមាន ទី១-បញ្ហាលក់រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រ ស្ទឹងព្រៃប្រស់ ដែលបច្ចុប្បន្នកំពុងចាក់ដីលុបស្ទឹងយកធ្វើជាកម្មសិទ្ធិ សាងសង់តូបលក់ដូរ ចេញប្លង់កាន់កាប់ និងវាស់វែងលក់ ទី២-បញ្ហាលក់ទីតាំងស្តាតចាស់ នៅមុខវត្តកំពង់ធំ បច្ចុប្បន្នកំពុងត្រូវឈ្មួញចាក់ដី ដើម្បីពុះលក់ជាឯកជន និងទី៣-បញ្ហាលក់ដីបឹងភេ ដែលជាបឹងធម្មជាតិប្រវត្តិសាស្ត្រនៅចំកណ្ដាលក្រុង បច្ចុប្បន្នឈ្មួញកំពុងចាក់ដីផងដែរ៕

photo_2016-05-14_12-06-05 photo_2016-05-14_12-06-21 photo_2016-05-14_12-06-24 photo_2016-05-19_15-45-58 photo_2016-05-19_15-46-02 photo_2016-05-19_15-46-12 photo_2016-05-19_15-46-15

មតិយោបល់