ព័ត៌មានជាតិ

Update៖ បើករថយន្តលឿនដូចហោះ បុករះរោងលក់ភេសជ្ជៈនិងស្លាកយីហោផ្ទះសំណាក់ ផ្អើលទាំងកណ្តាលថ្ងៃត្រង់

ភ្នំពេញ: រថយន្តម៉ាកកូរ៉ូឡា១គ្រឿង បើកលឿនដូចហោះទៅបុករះរោងលក់ភេសជ្ជ:និងស្លាកយីហោផ្ទះសំណាក់ បណ្តាលឲ្យរងការខូចខាត។

ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ កណ្តាល2A -1952 បើកដោយបុរសវ័យចំណាស់ម្នាក់ក្នុងល្បឿនមធ្យមតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត មកដល់ក្លោងទ្វារវត្តអរុណវត្តីបំណងបត់ចូលតាមក្លោងទ្វារវត្តតែមិនដឹងយ៉ាងម៉េច ក៏ស្រាប់តែរេចង្កូតសំដៅទៅទិសខាងកើត ហើយរថយន្តបែរជាលឿនដូចហោះទៅបុករះរោងលក់ភេសជ្ជ:និងស្លាកយីហោផ្ទះសំណាក់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតរួមទាំងធុងទឹកកក២ ម៉ូតូចាស់១គ្រឿងព្រមទាំងសម្ភារ:មួយចំនួនទៀត។

ប្រភពពីបុរសវ័យចំណាស់ដែលជាអ្នកបើករថយន្តខាងលើបានឲ្យដឹងថាគាត់បានឃើញរថយន្តកុងតឺន័រហើយគាត់បានបន្ថយល្បឿនគេចចេញតែរថយន្តជាប់ហ្គាទើបមានរឿងដូច្នេះ។

ទោះជាយ៉ាងណាភាគីខាងរថយន្តបង្កបានចរចារសងថ្លៃការខូចខាតទៅឲ្យម្ចាស់សម្ភារ:ដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕

មតិយោបល់