ក្រុមហ៊ុនបណ្តាញសង្គម Facebook តែងធ្វើបច្ចុប្បន្នភាពកម្មវិធី Messenger របស់ខ្លួនឱ្យកាន់តែសម្បូរបែបជាបន្តបន្ទាប់ ប៉ុន្តែ មនុស្សមួយចំនួនធំគឺប្រហែលជាមិនទាន់ជ្រួតជ្រាប និងទទួលបានអត្ថប្រយោជន៍ពីលក្ខណៈសម្បត្តិថ្មីៗទាំងនោះនៅឡើយទេ។ ម្លោះហើយ Post Tech សូមលើកយកពីចំណុចពិសេសខ្លាំងៗចំនួន ៥ ដែលមាននៅក្នុងកម្មវិធីផ្ញើសារនេះ មកបង្ហាញជូនលោកអ្នកឱ្យបានជ្រាបដូចតទៅ៖

១– មិនចាំបាច់មានគណនី Facebook ក៏អាចប្រើបាន
តាមពិតទៅ កម្មវិធី Messenger គឺឯករាជ្យពី Facebook តាំងពីឆ្នាំ ២០១៣ មកម្លេះ ដោយលោកអ្នកមិនចាំបាច់មានគណនី Facebook និងមិត្តភក្តិក្នុង Facebook ក៏អាចភ្ជាប់ការសន្ទនាជាមួយពួកគេបានដែរ ឱ្យតែមានលេខទូរសព្ទរបស់ពួកគេក្នុង contact list របស់ខ្លួន។ ម្យ៉ាងទៀត គ្រាន់តែទាញយកកម្មវិធី Messenger មកដំឡើងលើទូរសព្ទរបស់ខ្លួន រួចចុះឈ្មោះដោយប្រើលេខទូរសព្ទផ្ទាល់ខ្លួនមួយ នោះលោកអ្នកអាចប្រើគ្រប់មុខងាររបស់វាបានហើយ។
២– អាចចូលប្រើដោយមិនចាំបាច់ចុះឈ្មោះតាម Facebook ជាមុន
មានអ្នកប្រើប្រាស់ជាច្រើននៅច្រឡំថា ដើម្បីអាចប្រើ Messenger បាន ទាល់តែមានកម្មវិធី Facebook និងចុះឈ្មោះតាមវាជាមុនសិន តែធាតុពិត មិនដូច្នោះទេ។ កម្មវិធីទាំងពីរនេះ ត្រូវបានផ្តាច់ចេញពីគ្នាយូរមកហើយ សូម្បីតែគេហទំព័ររបស់វា។ ពោលគឺ លោកអ្នកអាចចុះឈ្មោះ និងចូលទៅកាន់ប្រអប់សារផ្សេងៗជាមួយមិត្តភក្តិបានដោយមិនចាំបាច់ចូលទៅកាន់ ឬមានកម្មវិធី ឬគណនី Facebook អ្វីឡើយ។

៣– អាចផ្ញើសារសម្ងាត់បាន
គួររំឭកថា Facebook ធ្លាប់ព្យាយាមចរចាទិញយក Snapchat ជាច្រើនលើកច្រើនសារ ប៉ុន្តែ មិនបានសម្រេច។ ម្លោះហើយ ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ បានដាក់បញ្ចូលមុខងារជាច្រើនដែលមានលក្ខណៈស្រដៀងទៅនឹង Snapchat ទៅក្នុងកម្មវិធី Messenger របស់ខ្លួន ក្នុងនោះក៏រួមមានមុខងារផ្ញើសារសម្ងាត់ផងដែរ។ ដើម្បីបើកវា លោកអ្នកគ្រាន់តែបើកកម្មវិធី រួចភ្ជាប់ការសន្ទនាជាមួយដៃគូណាម្នាក់ បន្ទាប់មកចុចលើ contact របស់គេ ហើយជ្រើសយក Secret conversation ជាការស្រេច។ ធ្វើដូច្នេះ រាល់សារសន្ទនានឹងត្រូវបានចាក់ខ្ទាស់ដោយលេខសម្ងាត់ជាស្វ័យប្រវត្តិ ហើយគ្មាននរណាអាចលួចឆែកមើលវាបានឡើយ។

៤– អាចផ្ញើចំណុចទីតាំងលើផែនទីឱ្យគ្នាទៅវិញទៅមក
តាមរយៈ Facebook Messenger លោកអ្នកមិនត្រឹមតែអាចសន្ទនាគ្នាបានដោយសេរីប៉ុណ្ណោះទេ តែក៏អាចចែកបន្តនូវចំណុចទីតាំងដែលខ្លួនកំពុងឋិតនៅ ដោយផ្ទាល់ទៅដល់ដៃគូសន្ទនាបានផងដែរ តាមរយៈកម្មវិធីផែនទីរបស់ Apple ឬ Google។ ជាងនេះទៀត លោកអ្នកក៏អាចកំណត់ឱ្យវាបន្តចែកចាយទៅកាន់មិត្តភក្តិដោយស្វ័យប្រវត្តិក្នុងរយៈពេលមួយម៉ោងម្តងបានទៀតផង ដែលនេះគឺផ្តល់ប្រយោជន៍នៅពេលលោកអ្នកកំពុងធ្វើដំណើរកម្សាន្តទៅកាន់ទីឆ្ងាយៗ និងមិនសូវមាន Wi-Fi ឬសេវាអិុនធើណែត 3G/4G ប្រើ។

៥– អាចលេងហ្គេមផ្សេងៗជាច្រើនបានដោយផ្ទាល់
Facebook បានប្រកាសបើកឱ្យអ្នកប្រើប្រាស់ Messenger អាចលេងហ្គេមកម្សាន្តដោយផ្ទាល់ក្នុងពេលកំពុងសន្ទនាជាមួយមិត្តភក្តិ តែគ្រានោះ ហ្គេមមិនទាន់សម្បូរបែបនៅឡើយទេ ហើយក៏ពិបាកបើកលេងផងដែរ ដោយសារតែទាល់តែវាយឈ្មោះរបស់ហ្គេម។ តែឥឡូវនេះ លោកអ្នកអាចបើកហ្គេមលេងចម្រុះបែបជាច្រើនបានយ៉ាងងាយតាមរយៈប៊ូតុងថ្មីមួយ ដែលមានរូបសញ្ញាជាដៃហ្គេម ពេលកំពុងឆ្លើយឆ្លង ឬរងចាំការតបសាររបស់មិត្តភក្តិបាន៕

មតិយោបល់