ភ្នំពេញៈ កាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅចំណុចភូមិសាស្ត្រស្ពានទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកថ្មពណ៌ទឹកសមុទ្រចង្កូតស្តាំ ពាក់ស្លាកលេខ PP-1668 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1O-1691 ដែលបើកបរពីលិចទៅកើត ខណៈកំពុងឆ្លងផ្លូវពេញទំហឹងអូសប្រហែល២០ម៉ែត្រ ចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស ។
តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ជនរងគ្រោះទាំងពីរនាក់ទី១-ឈ្មោះ ពេទ្យ កុសល អាយុ៣៨ឆ្នាំ ជាកសិករ មានទីលំនៅក្នុងខេត្តស្វាយរៀង (ស្លាប់) និងទី២-ឈ្មោះ ខាត់ ឡុង អាយុ២៥ឆ្នាំ ទីលំនៅក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់កសាងសំណុំរឿងតាមនិតីវិធីច្បាប់។ ចំណែកសាកសពវិញ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯអ្នករងរបួសត្រួវបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ៕
មតិយោបល់