ព័ត៌មានជាតិ

ចេះតែមានហ្មង! ច្រៀងខារ៉ាអូខេរំខានគេហើយនៅវាយកាប់គេទៀត

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពបង្កហិង្សាវាយជនរងគ្រោះមួយដៃហើយបក្ខពួកខ្លួនបានកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសហូរឈាមស្រោចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ក្រុមទី៣ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ សួន ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២ឈ្មោះ កីឡា អាយុប្រហែល៣០ឆ្នាំ មុខរបរលក់ខោអាវកីឡា ស្នាក់នៅភូមិបន្ទប់ជួល ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ(គេចខ្លួន)។

ចំណែកជនរងគ្រោះមានឈ្មោះ ផុន សុភា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរត់តាកស៊ី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះសួន ចិន្តាបានចាក់ខារ៉ាអូខច្រៀងលេងជាមួយជនសង្ស័យឈ្មោះកីឡា ដោយបានផឹកស្រាបៀរផង ខណ:កំពុងច្រៀងនិងផឹកនោះជនរងគ្រោះឈ្មោះផុន សុភា បានដើរទៅប្រាប់ជនសង្ស័យឲ្យបន្ថយសម្លេងហើយឈ្មោះសួន ចិន្តា ក៏បានបន្ថយសម្លេងទៅតាមកាប្រាប់របស់ជនរងគ្រោះ បន្ទាប់មកឈ្មោះកីឡា ដែលជាជនសង្ស័យទី២បានដើរចេញក្រៅបន្ទប់ប៉ះពាក្យសម្តីជាមួយជនរងគ្រោះឈ្មោះផុន សុភា ហើយបានប្រតាយប្រតប់គ្នា ខណ:នោះឈ្មោះសួន ចិន្តា ក៏បានចេញមកប្រតាយប្រតប់ ហើយបានវាយជនរងគ្រោះមួយដៃ ហើយជនសង្ស័យទី២បានដើរចូលក្នុងបន្ទប់គេហើយទាញកាំបិតកាប់មកលើជនរងគ្រោះបណ្តាលឲ្យរបួសហូរឈាមស្រោចខ្លួន ហើយបោះកាំបិតចោលនៅកន្លែងកើតហេតុរួចយកម៉ូតូពីបន្ទប់ផ្ទះជួលជិះចេញទៅបាត់។

ចំណែកជនសង្ស័ឈ្មោះសួន ចិន្តា បានដើរចូលបន្ទប់ បន្ទាប់មកប្រជាពលរដ្ឋបានផ្តល់ព័ត៌មានប្រាប់សមត្ថកិច្ច ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះសួន ចិន្តា មកសាកសួរ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅនៅមន្ទីពេទ្យព្រះកុសម:។

បច្ចុប្បន្នជនសង្ស័យទី១ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់