សៀមរាបៈ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់Post News មុននេះបន្តិចថា ក្មេងទំនើងចំនួន៣១នាក់ ក្នុងនោះមានស្រីម្នាក់ រួមជាមួយនិងម៉ូតូចំនួន២៣គ្រឿង ដែលតែងតែអុកឡុកក្នុងក្រុងសៀមរាប កាលពីពេលកន្លងមកនេះ ពេលនេះត្រូវបានកម្លាំងរបស់លោក ឃាត់ខ្លួនបានហើយ ដោយរកឃើញមានអ្នកមានផ្ទុកសារធាតុញៀនចំនួន៩នាក់ផងដែរ។
ការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅម្តុំអង្គរឃ្យូយូរ ផ្លូវ៦០ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រីហ៊ូ វ៉ាន់នី បានបន្តថា ក្មេងទំនើងទាំងនេះ តែងតែបង្កភាព រញ៉េរញ៉ៃនិងបង្ក អសន្តិសុខដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបទាំងមូលតែម្តង តាំងពីលោកមិនទាន់ឡើងកាន់តំណែង រហូតមកទល់ពេលនេះ ខណៈដែលលោកទើបតែកាន់ តំណែងជាស្នងការ នគរបាល ខេត្តសៀមរាប នាពេលថ្មីៗនេះ ក៏ត្រូវកម្លាំងរបស់លោកធ្វើការស្រាវជ្រាវ បង្ក្រាបបានតែម្តងហើយសមត្ថកិច្ចនឹងបន្តការបង្ក្រាប ជាប្រចាំឲ្យដូចភ្លៀងរលឹម។
គួរបញ្ជាក់ផងដែរ ថាក្នុងចំណោមក្មេងទំនើងទាំង ៣១នាក់ខាងលើ ក្នុងនោះមានស្រីម្នាក់ផងដែរ ត្រូវបានសមត្ថកិច្ចរកឃើញមានមនុស្សចំនួន៩នាក់ ក្នុងចំណោមបក្ខពួករបស់ពួកគេ មានផ្ទុកនូវសារធាតុញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចសាកសួរ និងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ តាមផ្លូវច្បាប់។
ដោយឡែក ក្មេងទំនើងចំនួន២២នាក់ទៀតដែលគ្មានសារធាតុញៀន ត្រូវបានសម្រេចឃុំខ្លួនរយៈពេល៤៨ម៉ោង ដើម្បីធ្វើការអបរំ និងធ្វើកិច្ចសន្យា ឲ្យអាណាព្យាបាលមកធានា យកទៅផ្ទះវិញផងដែរ៕
មតិយោបល់