(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃពុធ ទី២៩ ខែកញ្ញានេះបានអះអាងថាមីស៊ីលដែលខ្លួនបានធ្វើតេស្ដកាលពីថ្ងៃអង្គារម្សិលមិញ គឺជាមីស៊ីលលឿនជាងសំឡេង (hypersonic missile) ប្រភេទថ្មី ដែលកំពុងស្ថិតនៅក្រោមការអភិវឌ្ឍ។ នេះបើតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA។
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាមីស៊ីលលឿនជាងសំឡេងប្រភេទថ្មីខាងលើ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើតកូរ៉េខាងជើង និងធ្លាក់ចូលទៅក្នុងដែលសមុទ្រភាគខាងកើត ឬសមុទ្រជប៉ុន។ KCNA បានបន្ថែមថាការធ្វើតេស្ដមីស៊ីលនេះជាការបង្កើនសមត្ថភាពការពារខ្លួនរបស់កូរ៉េខាងជើង ខណៈគ្រាប់មីស៊ីល hypersonic នេះត្រូវបានចាត់ទុកជាអាវុធយុទ្ធសាស្ត្រដែលអាចហោះលឿនជាងល្បើនសំឡេង ៥ដងឡើងទៅ ឬស្មើនឹងជាង ១គីឡូម៉ែត្រក្នុង១វិនាទី។
ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា នៅតែបន្តការអភិវឌ្ឍប្រព័ន្ធសព្វាវុធ របស់ខ្លួនជាដរាប នៅចំពោះមុខភាពជាប់គាំងនៃកិច្ចសន្ទនា និងចរចា ជាមួយសហរដ្ឋអាមេរិក។ សម្រាប់ការធ្វើតេស្តលើកចុងក្រោយ កាលពីថ្ងៃអង្គារម្សិលមិញនេះ មិនមានវត្តមានប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមអង្កេតដោយផ្ទាល់នោះឡើយ។
បើតាម KCNA គ្រាប់មីស៊ីលប្រភេទថ្មីខាងលើមានឈ្មោះថា Hwasong-8 ជាប្រភេទមីស៊ីល hypersonic ប្រើប្រាស់ម៉ាស៊ីនជំរុញ ដើរដោយថាមពលឥន្ធនៈរាវ ជាលើកដំបូងរបស់កូរ៉េខាងជើង៕
ប្រភព៖AFP
មតិយោបល់