ព័ត៌មានជាតិ

ជាប់ពន្ធនាគារ៨ខែទើបនឹងចេញ មកវិញចេញឆក់មានអីជាប់គុកទៀត!

កណ្តាល: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល អស់រយ:ពេល៨ខែ ពីបទលួច ពេលចេញមកវិញឆក់កាបូបស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយ ក្របួចជាប់បានភ្លាមៗតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៧ ស្ថិតនៅផ្លូវលេខ១១០ ក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ាន់ សុខារ៉ា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិ ពោធិតាប៉ាង ឃុំស្វាយ ប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯជនសង្ស័យទី១មានឈ្មោះ នី វណ្ណថេត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២.ឈ្មោះ ផុន ស្រស់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិ បាក់ដាវ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-9523 (ជារបស់ឈ្មោះ នី វណ្ណថេត), កាបូបដៃ១ ពណ៌ក្រហម ក្នុងនោះ មានប្រាក់ចំនួន ៥៨៥,០០០រៀល។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ឈ្មោះ នី វណ្ណថេត បានជិះម៉ូតូម៉ាកវីវ៉ា ឌុបឈ្មោះ ផុន ស្រស់ តាមផ្លូវលេខ១១០ (ត្រើយខាងកើតទន្លេបាសាក់) មកដល់ចំណុចភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ក៏ប្រទះឃើញឈ្មោះ រ៉ាន់ សុខរ៉ា កំពុងជិះម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ម្នាក់ឯងពីទិសខាងជើង ទៅទិសខាងត្បូងស្របទិសគ្នា ពេលជាមួយគ្នានោះ ឈ្មោះ ផុន ស្រស់ បានឆក់កាបូបដៃពីដៃខាងឆ្វេង ឈ្មោះ រ៉ាន់ សុខរ៉ា រួចជិះសំដៅមក ឃុំ ស្វាយប្រទាល ស្រុកស្អាង ពេលនោះ ជនរងគ្រោះ ស្រែកចោរៗ ទើបនគរបាលប៉ុស្តិ៍ស្វាយប្រទាល កំពុងល្បាតតាមភូមិសាស្រ្ត បានដេញតាម ភ្លាមនោះជនសង្ស័យបានទម្លាក់កាបូបលុយចោល ហើយបន្តដេញជនល្មើស ដោយបានសហការជាមួយ នគរបាល
ប៉ុស្តិ៍ត្រើយស្លា ធ្វើការឃាត់ខ្លួនបានទាំង២នាក់តែម្តង។

គួរបញ្ជាក់បន្ថែមថា ជនសង្ស័យឈ្មោះ ផុន ស្រស់ ឆ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយ:ពេល៨ខែ ពីបទ អំពើលួច កាលពីឆ្នាំ២០១៥៕

មតិយោបល់