កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលជំនាញស្រុកកោះធំ ចុះពិនិត្យសាកសពបុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្នុងបន្ទប់របស់ខ្លួន កាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកកោះធំ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ លីវ ចីអ៊ីន ( LIU ZIYIN ) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ (Online) នៅកាស៊ីណូក្រោនរីសត មានស្រុកកំណើតខេត្តគួយចូវ ប្រទេសចិន ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ លីវ ចូវ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ បានមកធ្វើការជាបុគ្គលិកនៅកាស៊ីណូជាងកន្លះខែមកហើយ ហើយបានស្នាក់នៅក្នុងបន្ទប់ជាមួយខ្លួន(ជាប្អូន) និងមិត្ដភក្ដិ៥នាក់ផ្សេងទៀតផងដែរ ។ លុះមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៨ មិត្តភក្ដិដែលស្នាក់នៅជាមួយគ្នា បានក្រោកពីដំណេក រួចបានដាសជនរងគ្រោះឲ្យក្រោកដើម្បីចេញទៅធ្វើការ តែជនរងគ្រោះពុំភ្ញាក់ ដោយមានការសង្ស័យ ក៍ទៅហៅឈ្មោះ លីវ ចឺហូ ជាប្អូនជនរងគ្រោះឲ្យមកមើលជួយហៅ តែជនរងគ្រោះពុំក្រោក ខណៈនោះប្អូនជនរងគ្រោះក៏ចាប់អង្រួននិងផ្ងារ ស្រាប់តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើការពិនិត្យ ។
ក្រោយពីសមត្ថកិច្ចនគរបាលជំនាញទទួលបានព័ត៌មានខាងលើរួច ភ្លាមនោះក៏ចុះទៅកន្លែងកើតហេតុ រួចធ្វើការពិនិត្យដោយបង្កើតគណៈកម្មការចំរុះ ពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងប្រាកដមែន ពុំមានពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់ សមត្ថកិច្ចជំនាញបានប្រគល់សាកសពជនរងគ្រោះជូនទៅឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់