ភ្នំពេញៈ ករណីជនអនាថាម្នាក់ដេកស្លាប់នៅសួនច្បារព្រះភិរុណ(អតីតសួនច្បារតោពីរ) ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល២រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចសួនច្បារព្រះភិរុណ(អតីតសួនច្បារតោពីរ)ផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី៣០ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា សពពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រាងស្គម សំបុរខ្មៅស្រអែម សក់រួញអង្គាដី គ្មានពាក់អាវ ស្លៀកខោខូវប៊យជើងវែង ពណខៀវ ។
តាមការបំភ្លឺរបស់ឈ្មោះ កែម សា វុធ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត បានអះអាងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ គាត់បានឃើញជនរងគ្រោះដើរចេញពីក្រោមស្ពានអាកាស៧មករា ចូលទៅសួនច្បារព្រះភិរុណ ហើយបានដេកនៅទីនោះ រហូតដល់ម៉ោងប្រហែល២រសៀល មានកម្មករបោសសំអាតក្រុមហ៊ុនស៊ិនទ្រីបានចូលទៅ បោសសំអាតនៅទីនោះ ហើយបានឃើញជនរងគ្រោះដេកស្លាប់ ទើបគាត់ដើរមកប្រាប់ខ្លួន ហើយខ្លួនក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
សពជាជនអនាថាវិកលចរិត តែងតែឃើញដើរនិងដេកនៅក្រោមស្ពានអាកាស៧មករា ហើយរើសកាកសំណល់ដែលគេ បោះចោលស៊ី ហើយឃើញដើរនៅម្តុំនេះរយៈពេលប្រហែលមួយខែហើយ។
ឆ្លងតាមការពិនិត្យរបស់នគរបាលបច្ចេកទេសកោសល្យវិច័យ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ បានសន្និដ្ឋានថា សពស្លាប់បណ្តាលមកពីគាំងបេះដូង។
បច្ចុប្បន្នសព បានប្រគល់ជូនអាជ្ញាធរសង្កាត់ទឹកល្អក់ ទី១ យកទៅតំកល់នៅឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីចាត់ចែងតាមប្រពៃណី៕
https://youtu.be/ArBCEqp_7U4
មតិយោបល់