ព័ត៌មានសេដ្ឋកិច្ច

ឡានចង្កូតឆ្វេង ចង្កូតស្តាំ រាំងស្ទះដល់ភាពរលូននៃការដឹកជញ្ជូនរវាង កម្ពុជា-ថៃ

បញ្ហាឡានចង្កូតឆ្វេង និងឡានចង្កូតស្តាំ ជាបញ្ហាចម្បងមួយផងដែរ ដែលរាំងស្ទះដល់ភាពរលូននៃ បំណងចង់បើកឲ្យមានការដឹកជញ្ជូនឆ្លងកាត់រវាង កម្ពុជា-ថៃ។ នេះបើយោងតាមការឲ្យដឹងពី លោក ស៊ិន ចន្ធី ប្រធាននៃសមាគមភ្នាក់ងារដឹកជញ្ជូនកម្ពុជា CAMFFA នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍ TILOG Logistix 2017 ធ្វើឡើងកាលពីព្រឹកមិញនេះ។

លោកបន្តថា កម្ពុជា-ថៃ មានបំណងបើកឲ្យមានការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ តែរឿងឡានចង្កូតឆ្វេង និងចង្កូតស្តាំ ប្រកាន់ទិសផ្សេងគ្នា ក៏ជាបញ្ហាមួយផងដែរ។

លើសពីនេះទៅទៀត ភាគីថៃ កំណត់ផ្លូវធ្វើដំណើររបស់កម្ពុជា មិនឲ្យទៅត្រង់ដល់អតិថិជនផ្ទាល់តែម្តងនោះទេ តែថៃ ស្នើសុំជិះដោយសេរី ក្នុងប្រទេសកម្ពុជាទៅវិញ។

យ៉ាងណាមិញ កម្ពុជា ស្នើសុំឲ្យមានដំណោះស្រាយឲ្យចំចំណុច កុំយករបាំងមិនមែនពន្ធ (non-tariff barrier) មករារាំងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឧទាហរណ៍ ការដឹកជញ្ជូនផលិតផលកសិកម្មកម្ពុជា មិនអាចដឹកទៅដោយផ្ទាល់ ទៅកាន់អតិថិជនគោលដៅក្នុងប្រទេសថៃតែម្តងនោះទេ ដោយសារមានការឃាត់ឃាំង ដែលមិនមែនជារនាំងពន្ធ។

បញ្ហាមួយទៀតគឺ កម្ពុជា និងថៃ មិនទាន់មានកន្លែងផ្ទេរទំនិញឲ្យបានគ្រប់គ្រាន់ និងសមស្របតាមក្របខណ្ឌអាស៊ាន ពោលគឺរថយន្តថៃ និងរថយន្តខ្មែរ ចតនៅជាប់គ្នា នឹងផ្ទេរទំនិញពីមួយទៅមួយ តាមរូបភាពសាមញ្ញបំផុត។

លោកបានឲ្យដឹងថា ការតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន គឺជាគន្លឹះឈានទៅរកជោគជ័យក្នុងវិស័យដឹកជញ្ជូន។ ការដោះស្រាយបញ្ហាទាំងអស់ទាក់ទងនឹងការដឹកជញ្ជូន នឹងធ្វើឲ្យផលិតផលកម្ពុជា កាន់តែអាចប្រកួតប្រជែង ពោលគឺបន្ថយថ្លៃដើម កាត់បន្ថយពេលវេលាដឹកជញ្ជូន ធ្វើឲ្យមានសកម្មភាពដឹកជញ្ជូនកាន់តែច្រើនឡើង ហើយសេដ្ឋកិច្ចកាន់តែប្រសើរ។

លោក Jirawuth Suwanna arj ឯកអគ្គរាជទូតថៃទទួលបន្ទុកផ្នែកពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៦ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ថៃ គិតជាទឹកប្រាក់ប្រមាណ ៥.៦ពាន់លានដុល្លារអាមេរិក ហើយនឹងកើនឡើងប្រមាណ ៥ភាគរយ ដល់ ៥.៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧។

លោកបន្តថា ព្រំដែនកម្ពុជា-ថៃជាប់គ្នាជាង ៨០០គីឡូម៉ែត្រ នឹងមានច្រកចេញចូលអន្តរជាតិ ៦ច្រក ដែលធ្វើឲ្យការដឹកជញ្ជូនខាងផ្លូវគោក លេចធ្លោជាងគេ។

កាលពីឆ្នាំ ២០១៦ ពិព័រណ៍ការដឹកជញ្ជូនដ៏ចំាបាច់បំផុត អាស៊ានស្តីពី បច្ចេកវិទ្យាដឹកជញ្ជូន ដំណោះស្រាយ និងឧបករណ៍ក្នុងការដឹកជញ្ជូន TILOG LogistiX ទទួលភ្ញៀវជាង ១ម៉ឺននាក់មកពី ៤៤ប្រទេស មានការចូលរួមពីក្រុមវិនិយោគិនធំៗជាង ២១០ក្រុម ហើយនឹងរៀបចំជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែសីហា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ BITEC ទីក្រុងបាងកក ប្រទេសថៃ៕

មតិយោបល់