ព័ត៌មានជាតិ

នោះ! ដោយសារអបិយជំនឿផ្ទុះហិង្សាដាក់គ្នាវាយដណ្តើមព្រះសំរឹទ្ធ៣អង្គដែលមានតម្លៃរាប់លានដុល្លារ

កំពង់ស្ពឺ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានហេតុការណភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការផ្ទុះហិង្សារ វាយប្រតាយប្រតប់គ្នា រហូតមានអ្នករបួស ដែលបណ្តាលមកពីការដណ្តើមគ្នាយកព្រះសំរឹទ្ធ៣អង្គ ដែលមានតម្លៃរាប់លានដុល្លារយកទៅបាត់។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកអន្តរាគមន៍និងពិនិត្យកាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេវាយឲ្យរបួសនេះមានឈ្មោះ ស៊ុន ឌីម អាយុ៥១ឆ្នាំ ។ចំណែក ក្រុមជនដៃដល់វិញមានគ្នា៥នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ចំនួន២គ្រឿងគេចចេញទៅបាត់ពីកន្លែងកើតហេតុ ដោយប្រមូលយកព្រះសំរឹទ្ធទៅជាមួយ។

ប្រភពដដែលបានបន្តថា កាលពីអំឡុង៥ថ្ងៃមុន មានមនុស្សមួយក្រុម មកទាក់ទងគាត់ សួរនាំរឿងមានអ្នកចង់ទិញព្រះសំរឹទ្ធ ដោយពួកគេទាំងនោះហ៊ានឲ្យតម្លៃ១ខាំ ៣០លានដុល្លារឯណោះ ដោយលឺបែបនេះ គាត់ក៏ឆ្លើយថា គាត់មានព្រះសំរឹទ្ធ៣អង្គដែរ តែមិនដឹងថាថ្លៃបែបនេះនោះទេ ពេលនោះក្រុមជនបង្កក៏សុំមើល ស្រាប់តែពួកគេថា ពិតជាសំរឹទ្ធប្រាកដមែន ហើយតម្លៃគឺ១ខាំ៣០លានដុល្លារ សរុប៣អង្គនេះ មានទម្ងន់ជិត១០គីឡូឯណោះ រួចក៏សុំលេខទូរសព្ទគាត់ ដោយសំអាងថាទុកទាក់ទងមក ព្រោះមានអ្នកចង់ទិញ លុះដល់ថ្ងៃកើតហេតុ ក៏មានការផ្ទុះហិង្សាវាយដណ្តើមយកព្រះសំរឹទ្ធនេះតែម្តង។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមិនមែនជាករណីប្លន់អ្វីនោះទេ គ្រាន់តែជាករណីហិង្សាដាក់គ្នាដើម្បីដណ្តើមយកព្រះសំរឹទ្ធដែលពលរដ្ឋមានជំនឿតែប៉ុណ្ណោះ ៕

មតិយោបល់