ព័ត៌មានជាតិ

ល្បែងកន្ទុយលេខរីកដុះដាលពេញប្រទេស ហាក់ក្លាយទៅជារបរម៉ៅការរបស់មន្ត្រីអនុវត្តច្បាប់

ភ្នំពេញៈ បើទោះបីជារាជរដ្ឋាភបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ បានដាក់ម្តងហើយម្តងទៀត នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលបានហាមដាច់ខាតមិនឱ្យមានល្បែងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ក៏ដោយចុះ ក៏គេនៅតែឃើញថា ល្បែងកន្ទុយលេខបានរីករាលដាលពេញផ្ទៃប្រទេសយ៉ាងគគ្រឹកគ្រេង តាំងពីតំបន់ប្រជុំជន រហូតដល់តំបន់ដាច់ស្រយាល។

ប្រជាពលរដ្ឋខ្មែរមួយចំនួនភ្ញាក់ពីដេកមិនទាន់ទាំងលុបមុខផង ក៏ស្រែកសួរគ្នាថា “យប់មិញយល់សប្តិឃើញអី? ” ការសួរបែបនេះវាមិនមែនជារឿងចម្លែកទេ ប៉ុន្តែវាជាការផ្តល់ដំណឹងឱ្យគ្នាទៅវិញទៅមកអំពីយកហេតុការណ៍ក្នុងសុបិននោះ ដើម្បីកាត់ជាលេខ ចាក់ឆ្នោតកន្ទុយលេខឯណោះទេ។ នៅតាមរោងកាហ្វេមួយចំនួន នៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត និងរួមទាំងទីផ្សារផងនោះបានក្លាយទៅជាទីកន្លែងដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរស្នេហាវិស័យល្បែងស៊ីសងឆ្នោតកន្ទុយលេខមួយចំនួន រួមនិងមន្ត្រីអនុវត្តច្បាប់មួយចំនួនផងដែរនោះ ពិភាក្សាគ្នាយ៉ាងផុលផុស មុននឹងសម្រេចចិត្តថា ចាក់លេខប៉ុន្មាន? និងចាក់ប៉ុស្តិ៍អ្វី? ដើម្បីកុំឱ្យមេស៊ីអស់។ ពាក្យដ៏ពេញនិយមសម្រាប់មហាជនខ្មែរអ្នកលែងល្បែងកន្ទុយលេខនោះគឺ “ព្រឹកស្តាយលេខ ល្ងាចស្តាយលុយ” នៅពេលចាក់ត្រូវតិចតួចអ្នកភូមិដឹងគ្រប់គ្នា អ្នកត្រូវហ៊ោកញ្ជ្រាវ ប៉ុន្តែបើចាក់ខុសអស់លុយរាប់លានវិញគ្មានអ្នកណាដឹងនោះទេ។ ព្រោះតែល្បែងប្រជាប្រិយកន្ទុយលេខនេះ ក៏មានពលរដ្ឋខ្មែរមិនតិចទេដែលអស់ទ្រព្យសម្បត្តិ និងក្លាយខ្លួនជាកូនបំណុល ខ្ចីបុលអ្នកដ៏ទៃរហូតអស់ដីឡូ ឬផ្ទះក៏មានដែរ។ ចំណែកអ្នកដែលញៀននឹងល្បែងកន្ទុយលេខមួយទៀត មិនបាញ់ចាំដល់ដេកយល់សប្តិនោះទេគ្រាន់តែ លេខលើក្រដាសប្រាក់ លេខលើជញ្ជាំង ឬស្លាកលេខយានយន្តក៏កាត់ចាក់កន្ទុយលេខបានដែរ។ ជាងនេះទៅទៀត អ្នកខ្លះនាំគ្នាទៅធ្វើបាបព្រះសង្ឃនៅវត្ត ឬរូបសំណាកលោកតា យាយទេព ឱ្យប្រាប់លេខឆ្នោតដែរ ហើយរឿងកាន់តែហួសចិត្តបំផុតនោះ គឺសូម្បីតែបុណ្យសពក៏ពលរដ្ឋខ្មែរមួយចំនួនយកអាយុសពទៅចាក់ឆ្នោតកន្ទុយលេខបានដែរ។

តើមូលហេតុអ្វីបានជាល្បែងឆ្នោតកន្ទុយលេខនៅតែបន្តរីកសាយភាយដោយខុសច្បាប់លើទឹកដីខ្មែរបែបនេះ? ប្រភពពីក្រុមអ្នករកស៊ីរបរកត់កន្ទុយលេខ និងជាមេកន្ទុយលេខធំៗមួយចំនួនបានថ្លែងយ៉ាងបើកចំហរថា មុនពេលពួកគេហ៊ានបើកកន្លែងកត់ និងទទួលស៊ីសងល្បែងឆ្នោតកន្ទុយលេខបែបនេះបានគឺពួកគេរត់ការសុំច្បាប់ក្រោមតុពីសំណាក់អស់លោកជាមន្ត្រីអនុវត្តច្បាប់ក្នុងមូលដ្ឋានរួចស្រេចហើយ។

ពួកគេបន្តថា បើពួកគេចង់បើករបរនេះនៅកន្លែងណាមួយផ្តាច់មុខម្នាក់ឯងគឺត្រូវបង់ស្រោមសំបុត្រជូនលោកតាម្ចាស់ស្រុកតាមការកំណត់របស់លោកតា តែបើមិនបង់គ្រប់ទេគឺលោកតាកាច់រកស៊ីអ្វីមិនបានទេ។ អ្នករកស៊ីរបរនេះថែមទាំង អះអាងថា ពួកគេរាល់ថ្ងៃរកស៊ីចែកតែមន្ត្រីពាក់ព័ន្ធនោះទេ ព្រោះតែមន្ត្រីទាំងអស់នោះហើយជាអ្នកជួយមើលផ្លូវ និងស្រាយបញ្ហានានាជូនពរគេ ដូចជានៅពេលមានថ្នាក់លើចុះចាប់ម្តងៗ គឺដំណឹងដល់មុនជាស្រេចគេចបានយ៉ាងស្រួល ឬក្រុមអ្នកសារព័ត៌មានចុះទៅថតផ្សាយមន្ត្រីអ្នកមុខអ្នកការដែលបានលាភពីល្បែងឆ្នោតនោះជាអ្នកសម្រួលឱ្យបានមួយកំប្លេ។

គេមិនបាច់ឆ្ងល់ទេថា ហេតុអ្វីបានជាសកម្មភាពចាប់បង្ក្រាបល្បែងឆ្នោតកន្ទុយលេខត្រូវបានធ្វើឡើងជាលក្ខណៈស្បែកខ្លាបែបនេះ? គឺព្រោះតែអ្នកគេមិនចាប់បង់លុយគ្រប់ និងសែនត្រូវកន្លែង ចំណែកអ្នកគេចាប់បង់លុយមិនគ្រប់ ឬសែនមិនគ្រប់កន្លែង ពោលគឺងអ្នកណាបង់លុយច្រើនឱ្យអ្នកម៉ៅការ (មន្ត្រីអនុវត្តច្បាប់) អ្នកនោះរួចខ្លួន និងរកស៊ីដោយរលូនមិនមានអ្នករំខាន ដោយលែងអ្នកមិនស្គាល់ដូចធំទាបខ្ពស់ត្រូវជាប់ខ្នោះដោះមិនចង់ចេញនៅតុលាការ។ នេះហើយបានគេថា “ល្បែងកន្ទុយលេខរីកដុះដាលពេញប្រទេស ហាក់ក្លាយទៅជារបរម៉ៅការរបស់មន្ត្រីអនុវត្តច្បាប់”៕

photo_2016-05-20_10-49-16 photo_2016-05-20_10-49-17 (2) photo_2016-05-20_10-49-17 photo_2016-05-20_10-49-15

មតិយោបល់