ព័ត៌មានជាតិ

នាំខ្លួនអ្នកលក់ផលិតផលគ្រឿងសម្អាង ដែលគ្មានច្បាប់អនុញ្ញាតឡើងតុលាការ

ភ្នំពេញៈ នគរបាលគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំខ្លួន ម្ចាស់ទីតាំងលួចលាក់ស្តុកទុកផលិតផលគ្រឿងសម្អាងក្លែងក្លាយមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តនីតិវិធីរឿងនាំចូលផលិតផលគ្មានច្បាប់អនុញ្ញាត។

ជនខាងលើនេះឈ្មោះ ហ៊ឹម ទូច ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជា អាជីវករលក់ដូរ ស្នាក់នៅផ្ទះលខ ២២B ផ្លូវលេខ៣៧៤ ក្នុងសងា្កត់ទួល ស្វាយព្រៃទី១ ខណ្ឌចំការមន។

គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ កម្លាំងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលួចលាក់ស្តុកទុកផលិតផលគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត និងមិនបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្មមួយកន្លែង (ក្បែរសាលាសង្កាត់) ស្ថិតតាមបណ្តោយផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្នុងនោះក៏មានការដកហូតវត្ថុតាងគ្រឿងសម្អាងជាច្រើនប្រភេទ ដូចជាឡេលាបស្បែកឲ្យស ។ ល ។ មានចំនួនជាង២០មុខ ។

ក្រោយពីឆែកឆេរ និងដកហូតបានវត្ថុតាងនោះហើយ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ម្ចាស់ផលិតផលគ្រឿងសម្អាងម្នាក់ ដូចមានឈ្មោះខាងលើនេះ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី។

មានការរិះគន់ថារាល់គោលដៅតាមបន្ទាត់ព្រំដែនគឺសុទ្ធតែមានមន្ត្រីសមត្ថកិច្ចជំនាញចម្រុះជាច្រើនឈរជើងត្រួតពិនិត្យទំនិញសព្វសារពើមុនពេលនាំចូលនិងនាំចេញពីបរទេសមកដល់ស្រុកខ្មែរពិសេសគឺនៅរាជធានីភ្នំពេញតែម្តង។

ប៉ុន្តែហេតុអីបានជាទំនិញចេះតែហូរចូលលួចលាក់មកលក់ដូរស្ទើរពេញផ្ទៃប្រទេស ហើយទើបបាននាំគ្នាភ្ញាក់ផ្អើលបង្រ្កាបបែបនេះទៅវិញ។ ជាមួយគ្នានោះដែរ គេបានសង្កេតឃើញថានៅលើទីតាំងជុំវិញផ្សារអូឡាំពិក គឺសម្បូរកន្លែងលួចលាក់ផលិតផលនាំចូលខុសច្បាប់និងខូចគុណភាពច្រើនជាងគេក្នុងរាជធានីភ្នំពេញ។

នេះបើតាមការបង្រ្កាបកន្លងមកមានដូចជាថ្នាំពេទ្យជាដើមនិងកាន់តែពិសេសបំផុតនោះគឺករណីខាងលើនេះជាភស្តុតាងស្រាប់៕

មតិយោបល់