ព័ត៌មានជាតិ

ឆក់ទូរសព្ទដៃបានសម្រេចតែរត់មិនរួច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្រ្តីម្នាក់ កំពុងធ្វើដំណើរតាមផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋស្រែកនាំគ្នាព័ទ្ធស្ទាក់ចាប់ខ្លួនបានប្រគល់ឲ្យទៅសមត្ថកិច្ច។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខផ្សារស៊ិនជូរី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង២នាក់នោះមានទី១ឈ្មោះ ហៃ សុធា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ ឈ្មោះ ឌី វិច្ឆ័យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចម្ការមន ជាអ្នកបើកបរម៉ូតូ ។ អ្នកទាំង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FY-2270 ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពដើរឆក់ ដើរលួច ។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យជិះម៉ូតូចេញពីកោះពេជ្រ ធ្វើដំណើរកាត់មកតាមផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច មកដល់ចំណុចខាងលើ ឃើញស្រ្តីម្នាក់កំពុងជិះម៉ូតូម៉ាកZoomer-X និយាយទូរសព្ទ ដោយមានបុរសម្នាក់ជាអ្នកបើកបរ ពីលិចទៅកើត ឆ្លៀតឱកាសជនសង្ស័យ បត់ម៉ូតូត្រឡប់ក្រោយ ធ្វើសកម្មភាពឆក់យកទូរសព្ទ ម៉ាក IPhone6 Pluse ពណ៌ខ្មៅ ពីដៃបានសម្រេច ហើយជិះរត់គេច ទៅខាងក្រោយផ្សារស៊ិនជូរី ភ្លាមៗត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍ ស្រែកដេញ ស្ទាក់ចាប់បាន ត្រង់ចំណុចភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ។ ក៏ប៉ុន្តែ ក្រោយពីជនសង្ស័យធ្វើសកម្មភាព ឆក់ទូរសព្ទដៃបានសម្រេចហើយ ជនរងគ្រោះមិនបានមកប្តឹងសមត្ថកិច្ចទេ នគរបាលរងចាំ ម្ចាស់ទូរសព្ទជាជនរងគ្រោះមកប្តឹង និងសាកសួរបន្ត ។

តាមចម្លើយសារភាព ជនសង្ស័យហាក់បីដូចជា ឆ្លើយដាក់គ្នា នូវទង្វើ ធ្វើសកម្មភាពឆក់ទូរសព្ទ គ្រាន់តែបញ្ជាក់ឲ្យដឹងថា ឆក់ពីស្រ្តីម្នាក់កំពុងជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្ស៊ីបានទូរសព្ទ ម៉ាក Iphone6 Pluse មួយគ្រឿង ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍កាកាប សាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ រួមជាមួយវត្ថុតាង ទូរសព្ទដៃមួយគ្រឿង ម៉ូតូមួយគ្រឿង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

//youtu.be/mFxM4FlXIFw

មតិយោបល់