ព័ត៌មានបច្ចេកវិទ្យា

៤ ហេតុផលដែល Google Assistant មិនអាចយកឈ្នះ Siri នៅលើ iPhone

កាលពីសប្តាហ៍មុនក្រុមហ៊ុន Google បានបញ្ចេញកម្មវិធី Google Assistant សម្រាប់ iPhone ដាក់ឲ្យទាញយកដោយស៊េរីពីក្នុង AppStore។ វាគឺជាមុខងារបញ្ជាដោយសម្លេង និងអាចផ្ញើសារឆ្លើយឆ្លងសួរសំនួរបាន ដែលកាលពីឆ្នាំមុន ក្រុមហ៊ុនបណ្តាញរុករកយក្សនេះ បានធ្វើការប្រកាសចេញនៅឯព្រឹត្តិការណ៍ Google I/O សន្និសិទអ្នកអភិវឌ្ឍកម្មវិធីប្រចាំឆ្នាំ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android។ ទោះយ៉ាងណា Google Assistant ដែលមាននៅលើ iPhone នេះ នៅមិនទាន់អាចយកឈ្នះ Siri បានងាយស្រួលឡើយ ដោយផ្អែកលើហេតុផលទាំងប៉ុន្មានខាងក្រោមនេះ៖

១ – មិនបានភ្ជាប់មកស្រាប់នៅលើ iPhone

Google Assistant ត្រូវការទាញយកពីហាងកម្មវិធី AppStore មកដំឡើងប្រើ ខុសពី Siri មានស្រាប់ៗ។

 

២ – មិនអាចចុចប៊ូតុង Home ឲ្យជាប់ដើម្បីបើកប្រើប្រាស់វា

អ្នកអាចប្រើប្រាស់ Google Assistant បានតែពេលដែលអេក្រង់ iPhone ដោះសោរួច ត្រូវចុចបើកកម្មវិធីនៅលើ Home-Screen។ ខុសពី Siri អាចបើកប្រើបាន ដោយគ្រាន់តែចុចឲ្យជាប់លើ Home-Button ទាំងពេលជាប់សោក៏បាន។

 

៣ – មិនអាចបើក Google Assistant ដោយមិនប្រើដៃ

Siri អាចហៅមកប្រើ ដោយមិនចាំបាច់ប្រើដៃចុច ជំនួសដោយការបញ្ជាដោយសម្លេងថា “Hey Siri” វានឹងលោតចេញមកភ្លាម។ រីឯ Google Assistant ត្រូវការចុចបើករួចហើយ ត្រូវចុចលើប៊ូតុងស្តាប់សម្លេងមួយតង់ទៀត។

៤ – មិនអាចជ្រៀតជ្រែកក្នុងប្រព័ន្ធ iOS បានឡើយ

ថ្វីត្បិតតែ Google Assistant អាចប្រើសម្រាប់បញ្ជាឲ្យ iPhone ហៅទូរស័ព្ទចេញ ឬផ្ញើសារជាអក្សរចេញ បានក៏ដោយ ប៉ុន្តែវាមិនអាច បញ្ជាឲ្យ iPhone បិទ/បើកប្រព័ន្ធ Cellular Data ឬ WiFi បាននោះឡើយ៕

មតិយោបល់