កំពង់ធំៈ ស្រ្តីមា្នក់ត្រូវបានបណ្ដាញសង្គម (ហ្វេសបុក) បង្ហោះ និងធ្វើឲ្យមានការភ្ញាក់ផ្អើលពេញក្រុងស្ទឹងសែន ដោយសារតែភ្លើងប្រច័ណ្ឌ ជំនួសម្ដាយ បានជំរុញឲ្យយុវជនម្នាក់ គប់កែវទៅលើស្ត្រីនោះ រងរបួសចំថ្ងាសហូរឈាមសស្រាក់ នៅក្នុងពិធីឡើងផ្ទះនោះ ឥឡូវនេះ យុវជននេះ ត្រូវបាន សមត្ថកិច្ចចាប់បញ្ជូនឆ្លងដែនពីប្រទេសវៀតណាម មកខេត្តកំពង់ធំ វិញហើយ កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៦នេះ។
យុវជននេះ ឈ្មោះ ចាន់ លាងហៃ អាយុ២៥ឆ្នាំ រស់នៅភូមិ អាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានគេស្គាល់ថា ជាកូនរបស់ ចាន់ កុកលន់ ដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ នៅក្រុងស្ទឹងសែននេះ។
នៅព្រឹកថ្ងៃទី២០នេះ ស្ត្រីរងគ្រោះ ឈ្មោះស៊ឹម ម៉ាលី ដែលជាដើមបណ្ដឹងក្នុងរឿងក្ដីចាប់ខ្លួន យុវជននេះ បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា រូបគាត់បានរកស៊ីហ៊ុនគ្នា ជាមួយឈ្មោះ ចាន់ កុកលន់ ជាឪពុកបង្កើត របស់យុវជន ចាន់ លាងហៃ បានធ្វើឲ្យម្ដាយយុវជន ចាន់ លាងហៃ កើតជម្ងឺប្រច័ណ្ឌ ក៏បញ្ជាឲ្យកូន ចាន់ លាងហៃ ប្រើអំពើហិង្សា បង្ករបួសស្នាមមកលើរូបគាត់ នៅក្នុងពិធីឡើងផ្ទះ ហើយក៏រត់គេចខ្លួនឆ្លងដែនទៅ ប្រទេសវៀតណាមតែម្ដង។
ចំណែកសមត្ថកិច្ចដែលនាំខ្លួន ចាន់ លាងហៃ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៨៩/២០១៥ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ របស់ លោក ឃន សុកល ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តកំពង់ធំ បានបង្គាប់ឲ្យកងកំលាំងសាធារណៈ ស្រាវជ្រាវ រកចាប់ខ្លួនឈ្មោះ ចាន់ លាងហៃ ជាជនជាប់ចោទ ពីបទហិង្សា ដោយចេតនាស្ថានទម្ងន់ទោស ដោយប្រើអាវុធ ដែលប្រព្រឹត្តនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០១៥ កន្លងទៅ៕
មតិយោបល់