កណ្ដាលៈ ករណីហិង្សាដោយចេតនាមួយបានផ្ទុះឡើង បណ្ដាលមកពីការសេពសុរាបង្កឲ្យគូភាគីទំនាស់រងរបួសបែកក្បាលទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ុន បូរិន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសក្បាលចំហៀងខាងស្ដាំប្រវែង៦ស.ម ដេរចំនួន៩ថ្នេរនិងពកថ្ងាស១កន្លែង។ ចំណែកឯជនសង្ស័យមានឈ្មោះ កែវ សុខចាន់ ហៅម៉ៅ ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំជាមួយជនរងគ្រោះ(ផ្ទះជិតគ្នា) រងរបួសក្បាល២កន្លែង ១កន្លែងដេរចំនួន៨ថ្នេរមានប្រវែង៥ស.ម និង១កន្លែងទៀតដេរចំនួន០៣ថ្នេរ និងមុតម្រាមដៃឆ្វេងស្នាមខាំ។
វត្តុតាងចាប់យកមាន ដំបងឈើជ្រុងទំហំ ៤×៦ មានប្រវែង០.៤០ម៉ែត្រ១ប្រឡាក់ឈាម, ដុំថ្មភ្នំ១ដុំប្រឡាក់ឈាម។
ប្រភពព័ត៌មានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យកំពុងផឹកស្រានៅក្រោមផ្ទះបងប្អូនជិតផ្ទះជនរងគ្រោះ ស្រាប់តែមានអ្នកគប់ដំបូលផ្ទះ ពេលនោះជនសង្ស័យបានដើរមកមុខផ្ទះជនរងគ្រោះ និងបានសួររកមុខអ្នកគប់ដំបូលផ្ទះដែលខ្លួនអង្គុយផឹក ក៏កើតជាការទាស់ពាក្យសំដីគ្នាជាមួយជនរងគ្រោះនិងបងប្អូនជនរងគ្រោះរហូតមានការប្រតាយប្រតប់គ្នា ស្របគ្នានោះជនសង្ស័យបានយកដំបងឈើជ្រុង មកវាយក្បាលជនរងគ្រោះបណ្ដាលឲ្យរងរបួសស្នាម។ ឃើញដូចនេះគ្រួសារជនរងគ្រោះបាន បានយកដំបងឈើជ្រុងដដែលនោះមកវាយក្បាលជនសង្ស័យបណ្ដាលឲ្យរងរបួសស្នាមដូចបានរៀបរាប់ខាងលើ។
ក្រោយពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលរបួសស្នាមនៅមន្ទីរពេទ្យឃុំឈើទាល។
ក្នុងករណីខាងលើនេះដែរ សមត្ថកិច្ចប៉ុស្តិ៍និងកម្លាំងជំនាញស្រុកកំពុងស្រាវជ្រាវនិងបន្តចាត់វិធានការតាមនីតិវិធីច្បាប់៕
មតិយោបល់